ភ្នំពេញ ៖ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសលុបចោលគម្រោងចូលរួមធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ មុនការចេញដំណើរ របស់សម្តេចតេជោហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រ របស់លោកថា មូលហេតុដែលលោកលុបចោទគម្រោងនេះ ដោយថាមានភារកិច្ចត្រូវបំពេញការងារសំខាន់ នៅកន្លែងផ្សេង ។ លោក សម រង្ស៊ី បានប្រកាសតាមរយៈបណ្តាញសង្គម Twitter របស់លោក កាលពីម្សិលមិញ យ៉ាងដូច្នេះថា “ខ្ញុំសូមអភ័យទោស ដែលខ្ញុំមិនអាចទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងញូយ៉ក នៅថ្ងៃទី២៩ ខែកញ្ញា ដោយសារតែជាប់រវល់នឹងការងារផ្សេង។ យ៉ាងណា ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នកដែលទៅចូលរួមធ្វើបាតុកម្មដ៏សំខាន់មួយនេះ”។
គម្រោងដឹកនាំធ្វើបាតុកម្មរបស់ លោក សម រង្ស៊ី បានប្រកាសកាលពី៤ថ្ងៃមុន ដើម្បីប្រឆាំងវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ។ តាមគម្រោងបាតុកម្មនឹងធ្វើឡើងនៅថ្ងៃសុក្រទី២៨ កញ្ញា នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀល ម៉ោងនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងទាមទារកុំឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។
ការលុបចោលគម្រោងដឹកនាំធ្វើបាតុកម្មរបស់លោក សម រង្ស៊ី បានធ្វើឡើងស្របពេលដែល សម្តេចតេជោ ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំទូទៅ លើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
សកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក បានអះអាងថា ពួកគេនិងបាតុករផ្សេងទៀត រួមទាំងលោក សម រង្ស៊ី ផងនឹងប្រមូលផ្តុំគ្នា មុខបរិវេណនៃកិច្ចប្រជុំរបស់អង្គការសហប្រជាតិ នៅបុរីញូវយ៉ក ដើម្បីជំរុញកុំឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ដោយថាការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាជាការបោះឆ្នោត មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ។
សម្តេចតេជោហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចេញដំណើរតាមផ្លូវអាកាសទៅកាន់បុរីញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៩ខែកញ្ញា ដែលកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំ។
មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ បានប្រកាសសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះឡើយ។ សម្តេចលើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ហើយសម្តេចចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគស្មាញ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារនយោបាយថា៖”ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយ ការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ “៕ ដោយ ៖ កូឡាប