បុរសម្នាក់ដែលជាអ្នកប្រមូលសំរាមតាមដងវិថី នាព្រឹកម៉ោងប្រមាណ១០ ថ្ងៃទី២៤កញ្ញាកន្លងមក នៅទីក្រុងLapu-Lapu (Philippines) គាត់សម្លឹងឃើញបាឡូមួយព្យួនៅក្រៅរបងផ្ទះ។ គាត់បម្រុងយកវាបោះចូលក្នុងឡានសំរាម ស្រាប់តែឮស្នូរចម្លែកនៅខាងក្នុងនោះ។
ដោយងឿងឆ្ងល់ គាត់បានបើកបាឡូនេះមើល ឃើញមានថង់នីឡុងសមួយ ដែលក្នុងនោះគឺជាទារកទើបកើតម្នាក់។
គាត់ពិតជាស្ទើរលោះព្រលឹង ពេលឃើញក្មេងគេទុកចោលក្នុងបាឡូ
បុរសនោះក៏ស្រែកខ្លាំងៗហៅអ្នកនៅជិតនោះមកមើលហើយមនុស្សម្នាក់ក្នុងចំណោមនោះបានយកទូរស័ព្ទថតទុក។តាមរយៈឃ្លីប គេឃើញទារកនោះនៅមានចលនា ដោយយកដៃដាក់ចូលក្នុងមាត់។
មួយសន្ទុះក្រោយមក រថយន្តសង្គ្រោះក៏មកដល់ហើយបញ្ជូនទារកនេះទៅកាន់មន្ទីរពេទ្យភ្លាម។នៅក្នុងបាឡូគេនូវបានរកឃើញឯកសណ្ឋានសិស្សនិងខោពីរដែលប្រឡាក់ទៅដោយឈាម។
ជំហានដំបូងគេសង្ស័យថា តាមរយៈឯកសណ្ឋាននេះគេអាចដឹងថាស្ត្រីជាម្ដាយរៀននៅថ្នាក់ចន្លោះពីទី៧ដល់ទី១០ ក្នុងសាលារដ្ឋនៃទីក្រុងនេះ។មានន័យថា ស្ត្រីជាម្តាយមានអាយុពី១២ទៅ១៦ឆ្នាំប៉ុណ្ណោះ។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតរកមូលហេតុ។
Emily Ng ឈ្មោះមនុស្សម្នាក់ជាគិលានុបដ្ឋាកយិកានៅមន្ទីរពេទ្យឱ្យដឹងថា មានមនុស្សមួយចំនួនចង់សុំទារកនោះទៅចិញ្ចឹម។នាងនិយាយបន្ថែមថា៖ យើងខ្ញុំពុំទាន់ដាក់ឈ្មោះឱ្យទារកនេះទេ។ពេលមកដល់មន្ទីរពេទ្យ សុខភាពវាខ្សោយណាស់ ប៉ុន្តែឥឡូវបានគ្រាន់បើហើយវាថែមទាំងសើចទៀតផង។
នាងបន្តនិយាយទាំងភាពហ្មងសៅថា ពេលនេះទារកនោះវាពុំទាន់បានដឹងអំពីការចាប់កំណើតក្នុងសភាពទាល់ច្រកបែបណាទេប៉ុន្តែខ្ញុំជឿថានឹងមានអ្នកជាឳពុកម្ដាយដែលមានជីវភាពសមរម្យអាចផ្តល់នូជីវិតថ្មីមួយប្រសើរជាង៕
លីសា