Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ស្យុង ប៉ ៖ “​កម្ពុជា និង​ចិន ប្រៀប​ដូចជា​គ្រួសារ​តែមួយ​

​ភ្នំពេញ ​៖ បេសកកម្ម​ការទូតរ​បស់ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈាន​ដល់​ចុង​អាណត្តិ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក បាន​ចូលជួប​សម្តែង​ការ​គួរ​​សម និង​ជម្រាបលា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា​។​

​ក្នុងឱកាស​នោះ លោក ស្យុង ប៉ បាន​ជម្រាប​សម្តេច​ពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​ប្រទេស​កម្ពុជា និង​ចិន ដែល​ប្រៀបដូចជា​គ្រួសារ​តែ​មួយ​។ ទាំង​សម្តេច និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​លើកឡើងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ខួប​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត ជា​ប្រវត្តិសាស្ត្រ រវាង​ប្រទេស​យើង​ទាំង​ពីរ ចិន​-​កម្ពុជា ដែល​បាន​កសាងឡើង​ដោយ​អតីត ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​អតីត​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ ត្រូវបាន​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បច្ចុប្បន្ន បន្ត​លើកស្ទួយ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺ “​កិច្ចសហប្រតិបត្តិការ ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​បាន​នឹង​កំពុង​ផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ​។​

​ក្នុងនាម​រដ្ឋ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ ព្រមទាំង​បាន​ជម្រុញ​កិច្ចព្រមព្រៀង​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ប្រែក្លាយ​ឲ្យទៅជា​ការអនុវត្តជា​ក់​ស្តែង​។ ទាំងនេះ​បាន​បង្ហាញ​ពី លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏​ដូច​ជា​ការ​ជម្រុញ​អនុវត្តន៍​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​មិត្ត​ចិន​។​

​សម្តេច​បាន​លើកឡើង​ថា ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​មាន​ការរីកចំរើន​យ៉ាងខ្លាំង ធ្វើឲ្យ​ប្រទេស​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ប្រទេស​មាន​ទុន​វិនិយោគ​ធំ​ទី​១​នៅ​កម្ពុជា ទន្ទឹម​នឹង​នោះ​ក៏​បាន​ចាត់វិធានការ ដើម្បី​ពង្រឹង​ការ​នាំចូល​ពី​ប្រទេស​កម្ពុជា​លើ​ផលិតផល កសិកម្ម​ជា​ច្រើន​ប្រភេទ​។​

“​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទោះបី​ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​ទៅ​បំពេញ​តួនាទី​ថ្មី​នៅក្នុង​ស្ថាប័ន​ណាមួយ​ក៏ដោយ ឯកឧត្តម​នឹង​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។ ខ្ញុំ​សូម​ជូនពរ ឯកឧត្តម​មាន​សុខភាព​ល្អ និង​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​វិញ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​បន្ត​បន្ទាប់​ទៀត​” នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

​លោក ស្យុង ប៉ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេលវេលា មានតម្លៃ​ទទួល​ជួប​លោក​ដើម្បី​ជម្រាបលា នៅពេល​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​បាន​បញ្ចប់​។ លោក​បាន​លើកឡើង​ថា បេសកកម្ម​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ថ្លៃថ្លា​នោះ បើ​គ្មាន​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពី​សម្តេច និង​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ទេ គឺ​មិន​មាន​ផ្លែផ្លា​បែប​នេះឡើយ​៕ ដោយ​ ៖​ កូឡាប​

×