Thursday, May 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណទាំង៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែម នៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋាន និងមន្រ្តីបានចុះទៅទទួលវត្ថុបុរាណខាងលើដោយផ្ទាល់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុបុរាណរួមមាន ដងខ្លួនបដិមាទេពស្រីចំនួន១ ធ្វើពីថ្មភក់ចំនួន១ ពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ត និងវត្ថុសិល្បះចំនួន៦ទៀតរួមមាន ក្រឡចំនួន១ធ្វើពីដីដុត, កំណាត់សសរពេជ្រចំនួន២, ចម្លាក់ទេពស្រីចំនួន១, ចម្លាក់ទេពស្រីរាំចំនួន១, និងវត្ថុសិល្បះមួយទៀតទំនងជា ថ្មបស ចំនួន១ធ្វើពីថ្មភក់។

លោកបញ្ជាក់ថាវត្ថុបុរាណទាំងនេះ រដ្ឋបាលស្រុក និងព្រះសង្ឃបានទទួលពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញកន្លងមក នឹងបានប្រគល់បន្តមកអាជ្ញាធរជាតិព្រះវិហារដើម្បីរក្សាទុក និងអភិរក្ស។

អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមសហការក្នុងការផ្តល់បដិមារ និងវត្ថុសិល្បៈបុរាណមកអ្នកជំនាញដើម្បីរក្សាទុក។ អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកថា ការផ្តល់ជូននេះបង្ហាញពីការចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការពារ និងថែរក្សាវត្ថុបុរាណ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។រក្សាសិទ្ធដោយ៖សុទ្ធលី

×