ននោងពស់ ជាអម្បូររុក្ខជាតិមានផ្កាស្អាតចម្លែក ស្រដៀងនឹងសក់ទម្លាក់ចុះរួញៗរបស់ស្រីស្អាតបរិសុទ្ធ… ។

ននោងពស់មានប្រភពពីឥណ្ឌា ។ គេនៅឲ្យឈ្មោះវាថា ននោងខ្លា ននោងឥណ្ឌា ។

ផ្កាននោងពស់ពណ៌សស្គុះ មាន៥សន្លឹក សន្លឹកនីមួយៗមានទងរំយោលធ្លាក់ចុះមើលទៅពិតជាស្អាតគួរឲ្យគយគន់… ។

ផ្លែននោងពស់រាងវែង រមូរ ដូចជាទម្រង់សត្វពស់ វាមានពណ៌រាងស ហើយមានឆ្នូតៗ ។

រុក្ខជាតិនេះចេញផ្ការហូត ងាយដាំ ហើយផ្តល់ទិន្នផលខ្ពស់ ។ ប្រសិនបើមានការថែទាំផ្តល់ជីគ្រប់គ្រាន់ ននោងពស់១ទ្រើងធំល្មមវាអាចផ្តល់ផ្លែរាប់រយគីឡូក្រាមឯណោះ សម្រាប់១រដូវទម្លាក់ផ្លែ ។

ពេលវេលាសមស្របដើម្បីដាំ គឺពីខែតុលាដល់ខែធ្នូ ។ ក្រោយពេលដាំ ២ខែប៉ុណ្ណោះ គេអាចប្រមូលផលបានហើយ ។

វាផ្តល់ផ្លែជាបន្តបន្ទាប់បានរហូតដល់ ៣ខែ ។

រស់ជាតិរបស់វា ដូចជាននោងស្រុកយើងអីចឹង អាចច្នៃជាសម្ល ឆា ឬស្រុះ… ។
មិនថាកសិករទេ សូម្បីតាមគេហដ្ឋាននាទីក្រុង លើតេរ៉ាស់ ក៏អាចដាំវាលម្អរផង និងបានផ្លែបរិភោគទៀត ៕ ចន្ទ្រា

