យន្តហោះប្រយុទ្ធថ្លៃបំផុតពិភពលោក F-35B របស់អាមេរិក នៅថ្ងៃទី ២៧ ខែកញ្ញា បានចេញប្រតិបត្តិការជាលើកទី១ នៅអាហ្វហ្គានីស្ថាន ដោយវាយប្រហារលើមូលដ្ឋានរឹងមាំមួយរបស់ពួកតាលីបង់ ។
CNN បានដកស្រង់សម្តីរបស់មន្ត្រីការពារជាតិអាមេរិក ៣រូប ឲ្យដឹងថា យន្តហោះខាងលើ បានបើកការវាយប្រហារពីនាវា USS Essex ។ របាយការណ៍របស់នាយទាហានជើងទឹក វាយប្រហារដែនគោក សរសេរថា ៖ “បេសកកម្មរបស់ F-35B នេះ បានវាយប្រហារគាំទ្រដល់បណ្តាយុទ្ធនាការសម្អាតផ្ទៃដី ហើយវាហាក់ដូចជាបានសម្រេចភារកិច្ច” ។
យន្តហោះប្រយុទ្ធបំបាំងកាយ F-35 ត្រូវបានចាត់ទុកជាប្រព័ន្ធអាវុធថ្លៃបំផុតប្រវត្តិសាស្ត្រ ។ ក្នុងដំណើរការអភិវឌ្ឍមានការផ្អាកច្រើនលើក និងត្រូវចំណាយពេលវែង ទើបវាមានវត្តមានត្រៀមប្រយុទ្ធបាន ។
F-35 ត្រូវបានចាត់ទុកជាអនាគត នៃទ័ពអាកាស ព្រោះតែសមត្ថភាពគួបផ្សំដ៏អស្ចារ្យរវាង ៖ សមត្ថភាពបំបាំងកាយ ល្បឿនកំពូលលឿន និងបច្ចេកវិទ្យា Sensor កំពូល ។
F-35B ជាគំរូ១ ក្នុងចំណោមគំរូ ៣ របស់ F-35 ដែលវាអាចឡើងចុះត្រង់ដូចជាឧត្ថម្ភាចក្រ ។ យន្តហោះនេះ ក៏មានទំហំសមល្មមប្រៀបនឹងយន្តហោះដទៃទៀត ៕ ចន្ទ្រា