ឧក្រិដ្ឋជនសង្គ្រាមជនជាតិបូសនៀកាត់ក្រូអាតម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយពេលបានផឹកថ្នាំពុលនៅក្នុងបន្ទប់សវនាការ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រោយពេលចាញ់បណ្តឹងឧទ្ធរណ៏ ដែលបានផ្តន្ទាទោសគាត់ឲ្យជាប់គុក ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Reuters។
អតីតមេបញ្ជាការកងទ័ពឈ្មោះ Slobodan Praljak ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងទីក្រុង Mostar កំឡុងពេលសង្គ្រាមបូសនៀ ក្នុងឆ្នាំ ១៩៩២-១៩៩៥។
លោក Slobodan Praljak អាយុ ៧២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងឡាអេ (Hague) ប្រទេសហូឡង់ ក្រោយពេលគាត់ត្រូវបានគេមើលឃើញថាផឹកអ្វីមួយពីកូនដបតូចមួយ ខណៈពេលដែលចៅក្រមម្នាក់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងអានសេចក្តីសម្រេចប្រឆាំងទៅនឹងរូបគាត់ និងឧក្រិដ្ឋជន ៥នាក់ផ្សេងទៀត។
ការធ្វើអត្តឃាតនៅក្នុងបន្ទប់សវនាការ កើតឡើងនៅនាទីចុងក្រោយនៃសេចក្តីសម្រេច នៅសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិ។
លោក Slobodan Praljak បានក្រោកឈររួចនិយាយថា “ខ្ញុំទើបតែផឹកថ្នាំពុល។ ខ្ញុំមិនមែនជាឧក្រិដ្ឋជននោះទេ។ ខ្ញុំប្រឆាំងទៅនឹងការកាត់ទោសនេះ”។
មេធាវីម្នាក់ដែលស្ថិតក្នុងបន្ទប់តុលាការនិយាយថា ក្រោយពេលផឹកថ្នាំរួច លោក Slobodan Praljak បានអង្គុយចុះវិញ។
ប្រធានចៅក្រមលោក Carmel Agius បានពន្យាពេលសវនាការភ្លាមៗ ហើយមានការហៅឡានសង្គ្រោះបន្ទាន់ផងដែរ៕ សុភ័ក្ត្រ