Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ សារភាពថា បាន​លក់​គ្រឿងញៀន​ម៉ា​ទឹកកក ១​កញ្ចប់ តម្លៃ ៤០.០០០​រៀល ទៅ​ឲ្យ​អ្នកប្រើប្រាស់​

​កណ្តាល ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​៣០​នាទី នៅ​ចំណុច​ភូមិ ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចក់ ជឿន ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន ។​

នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើត​ហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​គយ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ចក់ ជឿន ហៅ​ម៉ាប់ បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៣​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ចក់ ជឿន ហៅ​ម៉ាប់ បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់ តម្លៃ ៤០.០០០​រៀល ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ភូមិ ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដើម្បី​យក​មក​រំលែក​លក់ ក្នុង​១​កញ្ចប់​តូច តម្លៃ ២៥.០០០​រៀល ។​

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×