ការរីករាលដាលនៃសង្គ្រាមអាមេរិកនៅប្រទេសវៀតណាមមកលើប្រទេសកម្ពុជា បាននាំមកនូវការបំផ្លិចបំផ្លាញវប្បធម៌សង្គមរបស់សហគមន៍ជនជាតិជាច្រើន។ ដូចសម្ដេចសីហនុដែរ លោកលន់នល់ (១៩៧០- ១៩៧៥) ចង់ឱ្យមានអត្តសញ្ញាណតែមួយសម្រាប់ជនជាតិទាំងឡាយនៅកម្ពុជា ដោយលោកអះអាងថា ក្រុមជនជាតិទាំងអស់នៅកម្ពុជាសុទ្ធតែមានពូជពង្សដ៏ឧត្តុង្គឧត្តមពីជនជាតិខ្មែរ លើកលែងតែជនជាតិចិននិងជនជាតិ វៀតណាមតែប៉ុណ្ណោះ។
បន្ទាប់ពីបានឡើងកាន់អំណាចអស់រយៈពេលជាច្រើនខែមក រដ្ឋាភិបាលលោកលន់នល់ បាន សម្លាប់រង្គាលជនជាតិវៀតណាមអស់រាប់ពាន់នាក់ ហើយសកម្មភាពនេះធ្វើឱ្យមានការថ្កោលទោស និងការភ័យខ្លាចយ៉ាង ខ្លាំងពីសំណាក់សហគមន៍ចិននៅកម្ពុជា និងជនជាតិចិននៅបរទេស។ ដើម្បីដោះស្រាយជាមួយសហគមន៍ចិនទាំងនេះ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ លោកលន់ នល់ បានធ្វើសេចក្តីប្រកាសទូទាំងប្រទេសចំពោះជនជាតិទាំងឡាយដែលលោក ចាត់ទុកថាជា «មិត្តភក្ដិដ៏ជាទីស្រឡាញ់បំផុតរបស់លោក» ឱ្យរស់នៅក្នុងភាពស្ងប់ស្ងាត់។ នៅពេលនោះលោកលន់នល់ ក៏បានចេញសារាចរមួយណែនាំឱ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ជួយទប់ស្កាត់មិនឱ្យមានសកម្មភាពណាមួយដែលអាចបង្កឱ្យ មានគ្រោះថ្នាក់ដល់ជនជាតិចិន (Henry Kamm ឆ្នាំ១៩៧០)។
ទន្ទឹមនឹងខិតខំការពារចំពោះជនជាតិចិន លោកលន់នល់ បានបិទសាលារៀននិងកាសែតទាំងអស់ ដោយចោទប្រកាន់ថា ទាំងជនជាតិចិននិងជនជាតិវៀតណាមសុទ្ធតែអ្នកបង្កឱ្យមានការបាត់បង់នូវទំនៀមទម្លាប់និងសីលធម៌រស់នៅរបស់ខ្មែរបន្តិចម្ដងៗ ហើយថាជនជាតិទាំងពីរនេះមានគំនិតផ្សព្វផ្សាយលទ្ធិកុម្មុយនិស្តនៅស្រុកខ្មែរ ។ក្រុមសមាគមនិស្សិតដែលមានទីតាំង ប្រវតិ្តសាសន៍របស់ខ្លួននៅលាលារៀនមួយ ឈ្មោះយ៉ូកៃ (Yucai School) នៅឃុំកោះទាវ ស្រុកកោះធំ ខេត្តកណ្ដាល បានរំលឹកឱ្យដឹងពីព្រឹត្តិការណ៍នៃការបិទសាលារៀនចិនដោយបង្ខំពីសំណាក់រដ្ឋអំណាចរបស់លោកលន់នល់ នៅក្នុងឆ្នាំ១៩៧០ ពីព្រោះពួកគេយល់ថា ភាសាចិនគឺជាភាសារបស់ពួកកុម្មុយនិស្ត។
នៅពេលដែលរដ្ឋអំណាចលន់នល់ ធ្វើយុទ្ធនាការបង្ក្រាបអ្នកដែលមានភក្តីភាពចំពោះខ្មែរក្រហម ពួកប៉ូលិសបានផ្តោតគោលដៅទៅលើអ្នកដែលមានសែស្រឡាយជាជនជាតិចិន។ ជនជាតិចិនទាជីវជំនាន់ទី២ ម្នាក់បានរំលឹកអំពីប្រវត្តិដែលគាត់ត្រូវបានគេចាប់ខ្លួននៅខេត្តក្រចេះ ដែលជាស្រុកកំណើតរបស់គាត់ ដោយសារតែ «ខ្ញុំជាជនជាតិចិន និយាយភាសាខ្មែរបានល្អ និងជាអ្នកចេះដឹងខ្ពង់ខ្ពស់។ ដូច្នេះពួកគេបានសង្ស័យថាខ្ញុំជាអ្នកស៊ើបការណ៍ឱ្យពួកកុម្មុយនីស្ត»។
ទោះជាយ៉ាងណាក៏ដោយ របបលន់នល់ បាបបំភ្លេចចោលនូវគោលគំនិតចង់បង្កើតខេមរយានកម្មបែបថ្មី នៅពេលដែលការ វាយប្រហារខាងផ្នែកយោធាជាមួយប៉ុលពត កាន់តែធំឡើងហើយនៅពេលនោះលោកលន់នល់ បានអំពាវនាវឱ្យក្រុមជនជាតិទាំងឡាយចូលរួមក្នុងចលនាកងទ័ពសាធារណរដ្ឋរបស់លោក។ អ្នករកស៊ីលក់សាច់ជ្រូកកូនចិនកាត់ខ្មែរម្នាក់មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាមបានរំលឹកឱ្យដឹងថា បន្ទាប់ពីបានជោគជ័យក្នុងការធ្វើការរដ្ឋប្រហារលន់នល់ បានផ្តល់អត្តសញ្ញាណប័ណ្ណពិសេសដល់ជនជាតិចិន ហើយយកពន្ធពិសេសមួយពីជនជាតិចិនទាំងនោះ។ រដ្ឋអំណាចរបស់លន់នល់ ក៏បានចាប់ជនជាតិចិនឱ្យធ្វើទាហានដែរ។ ខណៈពេលដែលឈ្មោះរបស់ជនជាតិចិនមាននៅលើតារាងប្រចាំថ្ងៃរបស់អ្នកផ្តល់ជំនួយមូលនិធិក្នុងនាមជាកងកម្លាំង ការពាររបស់របបលន់នល់ និងក្នុងខណៈពេលដែលជនជាតិចិនមួយចំនួនបានទាញប្រយោជន៍ពីការធ្វើជំនួញ ដោយបង្កើតបណ្ដាញរកស៊ីក្នុងពេលធ្វើសង្គ្រាមនោះ លោកលន់នល់ មិនបានអត់ឱនឱ្យជនជាតិចិនទាំងនេះឡើយ។
ប្រទេសចិនបានគាំទ្រសម្ដេចសីហនុ និងចលនារណសិរ្សបង្រួបបង្រួមជាតិកម្ពុជាយ៉ាងពេញទំហឹង ហើយនៅពេលនោះជនជាតិចិននិងចិនកាត់ខ្មែរទាំងឡាយមានចលនាទាំងឡាយបានដើរតាមចលនានេះ។ ក្រៅពីចងសម្ព័ន្ធភាពជាមួយសម្តេចសីហនុ ការប្តេជ្ញាចិត្តដើរតាមគំនិតរបស់ម៉ៅសេទុង រួមទាំងមនោសញ្ចេតនារបស់ខ្លួន ចង់មានទំនាក់ទំនងជាមួយប្រទេសចិនផងនោះ កូនសិស្សជាច្រើននៅទីក្រុងភ្នំពេញនិងខេត្តនានាបានចូលរួមជាមួយនឹង ចលនាបង្រួបបង្រួមជាតិនៅតាមតំបន់រំដោះទាំងឡាយ។ ទន្ទឹមនឹងនោះដែរ ជនជាតិចិនជាច្រើននៅតាមតំបន់ដាច់ស្រយាល ក៏បានសម្រេចចិត្តរត់ចូលព្រៃដើម្បីកាន់អាវុធតាមការអំពាវនាវរបស់សម្តេចសីហនុ និងចូលរួមជាមួយខ្មែរក្រហម៕
លីសា