ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង ឲ្យដឹងថា អ្នកបើកបរយន្តហោះ២គ្រឿងរបស់ពួកគេបានសម្លឹងឃើញពន្លឺភ្លឺចិញ្ចាចរបស់កាំជ្រួចដែលកូរ៉េខាងជើងបង្ហោះឡើងលើកាលពីព្រឹកព្រលឹមម្សិលមិញ (29/11)។

កាសែត SCMP បានដកស្រង់សម្តីរបស់មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់ Korean Air ឲ្យដឹងថា ពួកអ្នកបើកបរយន្តហោះ បានសម្លឹងឃើញពន្លឺភ្លឺចិញ្ចាចពីមុខយន្តហោះរបស់ខ្លួនពេលកំពុងហោះហើរឆ្លងកាត់ជប៉ុន។ យន្តហោះ២ គ្រឿងនេះ ចេញដំណើរពី San Francisco និង Los Angeless (អាមេរិក) មកកាន់ព្រលានយន្តហោះ Incheon របស់កូរ៉េខាងត្បូង។
ក្រុមហោះហើរ បានរាយការណ៍ពីហេតុការណ៍នេះភ្លាមដល់ភ្នាក់ងារត្រួតពិនិត្យចរាចរដែនអាកាស។ ក្រុមបើកបរទី១ បានរាយការណ៍ប្រាប់អំឡុងប្រមាណ១ម៉ោង ក្រោយពេលកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួច ហើយក្រុមទី២រាយការណ៍ប្រមាណ ៤នាទី ក្រោយក្រុមទី១៕
យន្តហោះទាំង២ គ្រឿងនេះ បានចុះសុំចតនៅ Incheon ដោយសុវត្ថិភាព ព្រោះផ្លូវហោះហើររបស់ពួកគេមានរយៈចម្ងាយឆ្ងាយពីផ្លូវហោះហើររបស់កាំជ្រួចកូរ៉េខាងជើង។
ព្រឹកព្រលឹមថ្ងៃទី ២៩/១១ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួច១ពីប៉ែកខាងជើងក្រុងព្យុងយ៉ាង។ បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះ បានប្រកាសពីជោគជ័យនៃកាំជ្រួចអន្តរទ្វីបត្រូវបានហៅថា Hwasong-15 ។ តាមរយៈនោះកូរ៉េខាងជើងក៏បានប្រកាសថា ខ្លួនជាមហាអំណាចនុយក្លេអ៊ែរដែរ៕ ដោយ ៖ សូយន