Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ILO ៖ កម្ពុជា​ត្រូវ​បង្កើន​ការចំណាយ​លើ​សេវា​សង្គម ដើម្បី​តាម​ឲ្យទាន់​ប្រទេស​ក្នុង​តំបន់​

ភ្នំពេញ​៖​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្នូល​ស្តីពី​កិច្ច​គាំពារ​សង្គម​ក្នុង​ពិភពលោក ២០១៧/១៩​នៅ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​។ របាយការណ៍​នេះ​ចងក្រង​បញ្ជីសារពើភ័ណ្ឌ​គម្រោង កិច្ច​គាំពារ​សង្គម​ទូទាំង​សកលលោក ដែល​គ្របដណ្តប់​លើ​ការផ្តល់​តា​វ​កលិកស​ម្រាប់​មាតុភាព ភាព​អត់​ការងារ​ធ្វើ ជរា​ភាព ការថែទាំង​សុខភាព ។ របាយការណ៍​នេះ​បង្ហាញថា បើទោះបីជា​មាន​ការពង្រឹង​វិសាលភាព កិច្ច​គាំពារ​សង្គម​គួរឲ្យ​កត់សម្គាល់​យ៉ាង​ណាក៏ដោយ មាន​ប្រជាជន​ក្នុង​ពិភពលោក​ត្រឹមតែ​២៩​ភាគរយ ប៉ុណ្ណោះ ដែល​ទទួលបាន​កិច្ច​គាំពារ​សង្គម​ពេញលេញ​។ នេះ​ធ្វើឲ្យ​ប្រជាជន​ក្នុងពិភពលោក​រួមទាំ​ង​ពលរដ្ឋ​កម្ពុជា ជាច្រើន​នាក់ ត្រូវ​រងគ្រោះ​ដោយសារ​ភាពក្រីក្រ វិសម​ភាព និង​ការ​ផាត់​ចេញ​ពី​សង្គម ដែល​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។​

​របាយការណ៍​របស់​អា​យ​ឡូ នេះ​គត់​សម្គាល់ថា ដោយសារ​តែ​ការប្រើប្រាស់​គំរូ​នៃ​ការអភិវឌ្ឍ ដែល​ផ្តល់​អាទិភាព​លើ​កំណើនសេដ្ឋកិច្ច ជាជាង​គោល​នយោបាយ​បែងចែក​ភាគ​ផល​ដែល​បាន​ពី​កំណើនសេដ្ឋកិច្ច កន្លងមក ប្រទេស​កម្ពុជា​មាន​លទ្ធភាព​សារពើពន្ធ​ទាប សម្រាប់​រ៉ាប់រង​លើ​ចំណាយ​សង្គម ដែល​ជាហេតុ​នាំ​ឲ្យ​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​នេះ​នៅ​មាន​កម្រិត​នៅឡើយ​។ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ កិច្ច​គាំពារ​សង្គម​ត្រូវបាន​បញ្ចូល​ទៅក្នុង​របៀបវារៈ​នាំ​ការអភិវឌ្ឍ​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ កាន់តែ​ច្រើនឡើងៗ ។ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឲ្យ​អនុវត្ត​ក្របខ័​ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម កាលពី​ថ្ងៃ​ទី​២៤​ខែកក្កដា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ការរៀបចំ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​ការចាំបាច់​បំផុត ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័​ន្ន​និង​សមធម៌​។​

​គោល​នយោបាយ​ថ្មី​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​នេះ បាន​កំណត់​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា ដូចជា ការ​ផ្តល់​អត្ថប្រយោជន៍​ជា​សាច់ប្រាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ កុមារ ជនពិការ និង​ចាស់ជរា ជាដើម​។ ដើម្បី​សម្រេច​តាម​គោលដៅ​ទាំងនេះ រដ្ឋាភិបាល​ត្រូវ​ពង្រីក​លំហរ ឬ​លទ្ធភាព​សារពើពន្ធ​របស់​ខ្លួន សម្រាប់​ផ្តល់​ជំនួយ​សង្គម​។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​ចំណាយ​ថវិកា​ជាង​១​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​សស​) លើ​កិច្ច​គាំពារ​សង្គម បើ​ធៀប​នឹង​តួលេខ​មធ្យម​ជិត​១០​ភាគរយ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​

​ទោះជា​យ៉ាង​ក៏ដោយ ក្នុង​ឆ្នាំ​កន្លងទៅនេះ កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​មាន​ការអភិវឌ្ឍ ដែល​នាំមក​នូវ​ក្តីសង្ឃឹម​ខ្ពស់ ជា​ពិសេស​ចាប់តាំងពី​ពេលដែល​បេឡា​ជាតិ​សន្តិសុខ​សង្គម បង្កើតឡើង​កាលពី​មួយ​ទសវត្សរ៍​មុន​។ ខណៈពេល​ដែល​របប​ធានារ៉ាប់រង​ហានិភ័យ ការងារ​របស់ បស​ស នៅតែ​ជា​កម្មវិធី​ដែល​តម្រូវឲ្យម​នា​ការ​បង់ភាគ​ទានតាម​ច្បាប់​តែ​មួយគត់ នៅ​ទូ​ទា​ង​ប្រទេស កាលពី​ពេល​ថ្មីៗ​នេះ បស​ស បាន​ដាក់​ឲ្យ​អនុវត្តនូ​វ​របប​ថែទាំ​សុខភាព មួយទៀត ដែល​កំពុង​ពង្រីក​វិសាលភាព​យ៉ាង​ឆាប់រហ័ស ។ ក្នុង​ឆ្នាំ​កន្លងទៅ មាន​កម្មករ​និយោជិត​មួយ​លាន​នាក់ បាន​ទទួល​សុខភាព តាមរយៈ​របប​ថែ​ទាំង​សុខភាព នេះ​។ មន្ត្រីរាជការ នឹង​ទទួលបាន​អត្ថប្រយោជន៍​ស្រដៀង​គ្នា​នេះ ចាប់ពី​ដើម​ឆ្នាំ​២០១៨​តទៅ​។ ការអភិវឌ្ឍ​ដ៏​សំខាន់ និង​ផ្តល់​នូវ​ក្តីសង្ឃឹម​មួយទៀត គឺ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ពង្រីក​មូលនិធិ​សមធម៌​សុខាភិបាល ដែល​ផ្តល់​សេវា​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​ពុំមាន​លទ្ធភាព​បង់​ភាគទាន​បាន​។​

​លើសពីនេះ ជាជាង​កំហិត តែ​សហគ្រាស​ធំៗ​ដូច​កន្លង​ទៅ​គិត​ត្រឹម​ថ្ងៃ​ទី​២៤​ខែតុលា គ្រប់​សហគ្រាស ទាំងអស់​ដែល​មាន​និយោជិត​ចាប់​ពី​មួយ​នាក់​ឡើងទៅ ត្រូវបាន​កំណត់​ដោយ​ច្បាប់​ថា​ត្រូវ​ចុះបញ្ជី​ជាមួយនឹង បស​ស​។ នេះ​ជា​វិធានការ ដែល​សម​នឹង​ទទួលបាន​ការកោតសរសើ​រ ព្រោះថា​នឹង​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​តាម​ផ្លូវច្បាប់​ដល់​កម្មក​រ​និយោជិត ជិត​៣​លាន​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ធ្វើ​ការងារ​ក្នុង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។​

​បើទោះបីជា​មាន​ការរីក​ចម្រើន​ជា​វិជ្ជា​មាន​ទាំងនេះ​ក៏​ដោយ មាន​កម្មករ​និយោជិត​កម្ពុជា​ជាង​៥០​ភាគរយ ដែល​បន្ត​ធ្វើ​ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ និង​ពុំ​បាន​ទទួល​ការធានារ៉ាប់រង ។ សម្រាប់​ពួកគេ អត្ថប្រយោជន៍​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ប្រាក់​ពន្ធ អាច​មាន​តួនាទី​សំខាន់ ក្នុង​ការពង្រីក​ការការពារ​។ បទពិសោធន៍​ដែល​រដ្ឋាភិបាល​មាន​នាពេល​បច្ចុប្បន្ន ជាមួយនឹង​អត្ថប្រយោជន៍​ដែល​មាន​ភាពស្មុគស្មាញ និង​ការ​មានកំណត់​ក្រុម​គោលដៅ​បែប​តឹងរ៉ឹង ផ្អែក​ទៅតាម​រង្វាស់​ភាពក្រីក្រ ដោយ​ប្រើប្រាស់​ប្រាក់​ចំណូល​ជា​គោល​។ Graeme Buckly នាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​ធ្វើ​ការកត់សម្គាល់​ថា ប្រសិនបើ​កម្ពុជា​អាច​អនុវត្ត​តាម​គំរូ​របស់​ប្រទេស ផ្សេងទៀត ក្នុង​តំបន់​នេះ ដូចជា ថៃ ចិន និង​ទីម័​រខាង​កើត ពេលនេះ ប្រាប់​ឧបត្ថម្ភ​គោល​នយោបាយ​សង្គម​នេះ អាច​ផ្តល់​ការការពារ​ដល់​ចាស់ជរា​ជាង​១​លាន​នាក់ ដែល​បច្ចុប្បន្ន​នេះ ពុំ​បាន​ទទួល​ការការពារ​អ្វី​ទាំងអស់​៕ ​ដោយ​៖​កូឡាប​

 

×