បុរីញូវយ៉ក៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនសមភាគីនាយករដ្ឋមន្ត្រីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈ ដោយស្ថានភាពនយោបាយ របស់ប្រទេសប៊ុលហ្ការី។ ជាមួយនឹងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ប៊ុលហ្ការី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។
នៅថ្ងៃទី ២៨ កញ្ញាដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្ការី ។
នៅក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនសមភាគីនាយករដ្ឋមន្ត្រីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។
លោកនាយករដ្ឋមន្ត្រី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។ ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលសម្តេច នឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប៊ុលហ្ការីផងដែរ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនភាគីប៊ុលហ្ការី អំពីគោលបំណងនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ដែលក្នុងនោះបណ្តាប្រទេសអាស៊ានក៏បានឯកភាពរួចហើយ រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីប៊ុលហ្ការីបានឯកភាពចំពោះសំណើររបស់ សម្តេចតេជោ និងបានចាត់ទុកថានេះ គឺជាឱកាសដើម្បីរូបលោកបានអញ្ជើញ ទៅបំពេញទស្សនៈកិច្ចផ្លូវការ នៅកម្ពុជាផងដែរនាពេលខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ