ភ្នំពេញ៖ពេញមួយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៩១ទីតាំង។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី២មិថុនា២០២៦។
លោកស្រីបន្តថា៖អ្វីដែលគួរកត់សម្គាល់ក្នុងថ្ងៃនេះគឺ នៅខណ្ឌច្បារអំពៅ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងផ្ទះមួយ នៅក្នុងបុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ និងទីតាំងឃ្លាំងមួយកន្លែង នៅផ្លូវអូរអំពិល ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៤នាក់ (ស្រី ៣នាក់) ពុំមានលិខិតឆ្លងដែន ១១នាក់។ ជាមួយគ្នានេះដែរ ក្រុមការងារបានរកឃើញបទល្មើសគ្រឿងញៀន ១ករណី នៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ៣នាក់) ព្រមទាំងសម្ភារក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆាចំនួន០១ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។
រីឯនៅខណ្ឌទួលគោក ក្រុមការងារចុះត្រួតពិនិត្យបានរកឃើញបទល្មើសល្បែងស៊ីសងអនឡាញ ១ករណី នៅខុនដូរ TK STAR អគារលេខ១០០ ផ្លូវលេខ៥១៦ កែងផ្លូវលេខ៣១៥ ភូមិ០១ សង្កាត់បឹងកក់ទី១ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជា ជនជាតិកូរ៉េ ១នាក់ (មាននិវេទក្រហម) ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ CPU ចំនួន ០៣គ្រឿង ទូរស័ព្ទចំនួន ០៥គ្រឿង និងម៉ូនីទ័រចំនួន ០៦គ្រឿង។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ជារួមក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៩៤៨នាក់ (ស្រី ២៩៦នាក់) ដោយមិនមានរកឃើញសញ្ញាណអ្វីទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែបានរកឃើញជនបរទេស ស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ និងហួសទិដ្ឋាការសរុបចំនួន ៦៣នាក់។
ក្រោយការត្រួតពិនិត្យ ជនបរទេសស្នាក់នៅខុសច្បាប់រួមជាមួយវត្ថុតាងជាសម្ភារ និងគ្រឿងញៀន ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
លោកស្រីដោ សម្ផស្ស បន្ថែមថា៖ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ១០នាក់ គិតជាថវិកាសរុបចំនួន ៤០.០០០.០០០រៀល«សែសិបលានរៀល»៕រក្សាសិទ្ធដោយ៖សុទ្ធលី
































