ភ្នំពេញ ៖ ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយមិត្តភក្តិបានមួយសន្ទុះ ស្រាប់រត់ទៅលោតសម្លាប់ខ្លួនពីអគារជាន់ទី៥ ធ្លាក់ចំដើមត្របែកព្រៃ រងរបួសធ្ងន់ បែកប្រអប់ជើងឆ្វេង ដោយសារតែឈ្លោះប្រកែកជាមួយសង្សារ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខផ្ទះលេខ១៨៥ទល់មុខនឹងសណ្ឋាគារ ដាយមិន ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះឡុង មៃ អាយុ១៩ឆ្នាំ មុខរបរអ្នកអនាម័យ នៅសណ្ឋាគារមួយ ស្នាក់នៅផ្ទះគ្មានលេខជាន់ទី៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយមិត្តភក្តិ មានប្រុសមានស្រី តាំងពីម៉ោង៦ល្ងាចរហូតដល់វេលាកើតហេតុខាងលើ។ មួយសន្ទុះក្រោយមកមានអ្នកដែលស្គាល់ជនរងគ្រោះ នាំគ្នារត់ឡើងមកហើយស្រែកថា អាមៃ បានលោតចុះពីជាន់ទី៥ ធ្លាក់ចំដើមត្របែកព្រៃ រងរបួសធ្ងន់បែកប្រអប់ជើងឆ្វេង។ មូលហេតុដែលជនរងគ្រោះលោតសម្លាប់ខ្លួន គឺមកពីខឹងសង្សារខ្លួនឯង ។ ម្តាយរបស់ជនរងគ្រោះ បានប្រាប់ថា ២ទៅ៣ថ្ងៃមុន ជនរងគ្រោះក៏មានការឈ្លោះគ្នាជាមួយសង្សារ មិនដឹងជារឿងអី្វនោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ