រង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ២០១៨ ត្រូវបានប្រគល់ជូនលោក James P. Allison ជនជាតិអាមេរិកនិងលោក Tasuku Honjo ជនជាតិជប៉ុន ចំពោះស្នាដៃស្រាវជ្រាវ បង្ហាញឱ្យឃើញ អំពីយុទ្ធសាស្ត្រផ្សេងៗនៃការព្យាបាលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយប្រើកោសិកាដែលស៊ាំនឹងមេរោគ -គោលិកាស។ ការព្យាបាលដៅឱ្យចំលើកោសិកាស៊ាំ ដើម្បីឱ្យកោសិកានោះទៅបំពេញបេសកកម្ម ជាអ្នកការពារសរីរាង្គ ហើយងាកមកប្រឆាំងនឹងកោសិកាកាច-ចម្លែក ពោលគឺកោសិកាមហារីកវិញ។
ជ័យលាភីទាំងពីរ បានធ្វើការស្រាវជ្រាវរកវិធីសាស្ត្រព្យាបាលថ្មីនេះ ដាច់ដោយឡែកពីគ្នា ៖ កើតនៅឆ្នាំ១៩៤៨ លោក James P. Allison ជាសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក នៃសាកលវិទ្យាល័យតិចសាស់ សហរដ្ឋអាមេរិក បានសិក្សាអំពីប្រូតេអ៊ីន ដែលមានដំណើរការដូចហ្វាំងទប់ប្រព័ន្ធការពារខ្លួន។ នៅពេលបន្ធូរហ្វាំង និងនៅពេលព្រលែងគោលិកាការពារខ្លួន (គោលិកាស) វានឹងទៅប្រឆាំងកោសិកាមហារីក។ចំណែកលោក Tasuku Honjo ជាជនជាតិជប៉ុន កើតនៅឆ្នាំ១៩៤២ នៅក្យូតូ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យក្យូតូ តាំងពីឆ្នាំ១៩៨៤មក បានរកឃើញប្រូតេអ៊ីនទីពីរ មានសមត្ថភាពជាហ្វាំងដែរ។
របកគំហើញរបស់អ្នកទាំងពីរ បានជំរុញឱ្យការព្យាបាលជំងឺមហារីក មានភាពប្រសើរជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសជំងឺមហារីកសួត និងមហារីកស្បែកMélanome។ ទីផ្សារផលិតថ្នាំព្យាបាលជំងឺមហារីកក៏បានរីកធំដល់ប្រមាណ១៥ពាន់លានដុល្លារ នៅឆ្នាំនេះ។
អ្នកទាំងពីរ ក៏ធ្លាប់បានទទួលពានរង្វាន់ Tang (ណូបែលអាស៊ី) រួមគ្នាម្តងកាលពីឆ្នាំ២០១៤។ ហើយនៅឆ្នាំនេះ លោកទាំងពីរមានកិត្តិយសក្លាយជាជ័យលាភីណូបែលវេជ្ជសាស្ត្ររបស់ស៊ុយអ៊ែត ដ៏មានកិត្យានុភាពទូទាំងពិភពលោក រួមគ្នាទៀត ជាមួយនឹងទឹកប្រាក់ជារង្វាន់ ជិត១លានអឺរ៉ូចែកជាពីរ៕
សូយន