ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញអធិបតី ក្នុងទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ ” វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល” នៅសណ្ឋាគារ ព្រីនស៍ថាម ខេត្តព្រះសីហនុ។
ពីធីអបអរសាទរខាងលើនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អាជីវករ ពាណិជ្ជករ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត យ៉ាងច្រេីនកុះករ។
នាឱកាសនោះ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលបំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។
ឯកឧត្តម យន្ត មីន ឲ្យដឹងដូច្នេះរួចបញ្ជាក់ថា ខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក និងប្រកាសប្រែក្លាយ ខេត្តព្រះសីហនុ ទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។
ឯកឧត្តម យន្ត មីន អះអាងថា ប្រាក់ចំណូល របស់ប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន ២,៣៧៣ ដុល្លា អាមេរិក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៧.៩% និងកាត់បន្ថយអត្រាភាពក្រីក្រចុះមកត្រឹម ១១.៧២%។
ឯកឧត្តមសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ និងជម្រុញវិស័យសេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងជាលំដាប់។ ជាងនេះទៀត ចំពោះសេវាកម្មសម្បទាទេសចរណ៍វិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ ទាំងសណ្ឋាគារកំរិតជាតិ និងកំរិតអន្តជាតិ ដែលបច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានអាជីវកម្មសរុបចំនួន ៨៧០ទីតាំង កើនឡើង ៨៣ទីតាំង ឬស្មើនឹង ១០.៥៥% បើប្រៀបធៀប ៩ខែ ក្នុងឆ្នាំ២០១៧។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ខេត្តមានសណ្ឋាគារចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។
ជាពិសេស បានចូលរួមអនុវត្តនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ”កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ” ដោយចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ព្រមទាំងចូលរួមចលនាប្រឡងប្រណាំង”ឆ្នេរខ្សាច់កម្សាន្តស្អាត” និងទស្សនទាន “ទេសចរណ៍បៃតង”។
ឯកឧត្តម យន្ត មីន បញ្ជាក់បន្ថែមថា ព្រមជាមួយនេះ រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងបង្កើតរមណីយដ្ឋានថ្មីៗ កែលម្អឆ្នេរខ្សាច់កម្សាន្ត កែលម្អសោភ័ណភាពទីក្រុង ដាំដើមឈើក្នុងទីក្រុង និងបង្កើតសកម្មភាពទេសចរណ៍ដទៃៗទៀត ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា និងសំរាកលំហែរ នៅខេត្តព្រះសីហនុ។
ចំណែក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ទាប់ពីបានអានសារលិខិត របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសារទទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ មានប្រសាសន៍បន្ថែមថា ឆ្នេរសមុទ្រយើងស្អាតណាស់ដូចនេះត្រូវតែរួមគ្នាថែរក្សាអោយបាន និងអភិវឌ្ឍអោយកាន់តែប្រណិតសម្រាប់ទាក់ទាញភ្ញៀវដោយមិនអនុញ្ញាតអោយអ្នកណាមកបំផ្លាញបានឡើយ។
ឯកឧត្តម ថោង ខុន បន្តថា ជាការពិតកាលណាទេសចរណ៍មកច្រើន ការប្រើប្រាស់ក៏មានតម្រូវការកើនឡើង ដូច្នេះសំណល់ក៏កើនតាមនោះដែរ តែសំខាន់ត្រូវរួមគ្នាគ្រប់គ្រងដោះស្រាយអោយបានល្អ។
មួយវិញទៀតបរិបទថ្មី ឆ្ពោះទៅការប្រើប្រាស់ប្រពន្ធ័ឌីជីថល គឺជាជម្រើសថ្មីមួយ ដែលយើងត្រូវដើរអោយទាន់សម័យកាលបច្ចេកវិទ្យាទំនើបនេះ៕ ដោយ ៖ ដែន សីមា