នៅពេលនេះ សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ហៅកាត់ CIAECD បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យជោរៃភ្នំពេញដោយផ្តល់ឱកាសដល់សមាជិករបស់សមាគមទទួលបានការបញ្ចុះតម្លៃនៅពេលទៅទទួលការព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ។ ដោយមើលឃើញពីសារៈសំខាន់នៃភាពដៃគូគ្នាសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ និងមន្ទីរពេទ្យជោរៃភ្នំពេញសហការគ្នា និងមានគោលដៅរួមធ្វើយ៉ាងណាឱ្យសមាជិករបស់សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិទាំងអស់ទទួលបានសេវាកម្មពិនិត្យ និង ព្យាបាលជំងឺប្រកបដោយគុណភាពនៅមន្ទីរពេទ្យជោរៃភ្នំពេញជាមួយនឹងការបញ្ចុះថ្លៃ១០ភាគរយ។
ការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគម និងមន្ទីរពេទ្យខាងលើនេះដែរ នឹងត្រូវអនុវត្តមានរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០២៦នេះរហូតដល់ដំណាច់ឆ្នាំ២០២៨ ក្នុងនោះអ្នកជំងឺដែលជាសមាជិករបស់សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ទាំងអស់នៅពេលទៅទទួលការពិនិត្យ ឬព្យាបាលជំងឺនៅមន្ទីរពេទ្យជោរៃភ្នំពេញដោយគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអមជាមួយកាតសមាជិកសមាគម ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។

លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ថ្នាក់ដឹកនាំសមាគមដែលតែងតែយកចិត្តទុកដាក់ និងធ្វើសកម្មភាពផ្សេងៗជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាក្នុងគោលបំណងបម្រើប្រយោជន៍ដល់សមាជិករបស់សមាគម។ លោកជំទាវ ជីប យុទ្ធារី បន្តថា សមាគមមានផែនការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនទៀតជាមួយដៃគូដែលជាក្រុមហ៊ុនអាជីវកម្មទាំងក្នុងប្រទេស និងបណ្តាប្រទេសក្នុងតំបន់ជាដើម។
សូមបញ្ជាក់ថា សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ត្រូវបានចុះបញ្ជី និងទទួលស្គាល់នៅក្រសួងមហាផ្ទៃនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានគោលដៅចូលរួមចំណែកក្នុងសកម្មភាព មនុស្សធម៌ វប្បធម៌ និងកិច្ចការសង្គម ព្រមទាំងជួយសម្របសម្រួល និងគាំទ្រដល់សមាជិកសមាគមក្នុងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពក្នុងភាពជាដៃគូជាមួយអាជីវករក្រៅប្រទេស សំដៅបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការអភិវឌ្ឍន៍សង្គមកម្ពុជា៕


