ក្មេងស្រីពិការ និងថ្លង់ម្នាក់អាយុ ២ឆ្នាំ បានមើលឃើញម្តាយរបស់នាងជាលើកដំបូង នៅពេលទទួលការវះកាត់ជិត ១០លើក។
ក្មេងស្រីគួរឲ្យស្រឡាញ់រូបនោះ មានជំងឺពងក្នុងភ្នែក នៅពេលដែលនាងទើបតែកើតមកភ្លាមៗ បណ្តាលឲ្យភ្នែករបស់នាងមើលមិនឃើញ សូម្បីពន្លឺ។
ចាប់តាំងពីកើតមក ក្មេងស្រីឈ្មោះ Nicolly Pereira អាចធ្វើការទំនាក់ទំនងជាមួយនឹងម្តាយរបស់នាងតាមតែរយៈ ការប៉ះ និងអោបគ្នាប៉ុណ្ណោះ។
ទោះយ៉ាងណា ម្តាយរបស់នាងមិនព្រមបោះបង់ក្តីសង្ឃឹមក្នុងការធ្វើឲ្យភ្នែកនាងត្រឡប់មកមើលឃើញដូចក្មេងធម្មតានោះទេ។ ស្ត្រីជាម្តាយឈ្មោះ Daiana Pereira ជឿជាក់ថា កូនស្រីរបស់គាត់ នឹងអាចមើលឃើញ និងស្តាប់លឺនៅពេលណាមួយ។
ក្មេងស្រី Nicolly ធ្លាប់ឆ្លងកាត់ការវះកាត់ចំនួន ៧លើក ដើម្បីធ្វើឲ្យភ្នែកនាងត្រឡប់មកដូចដើម ប៉ុន្តែការវះគាត់ទាំងនោះសុទ្ធតែបរាជ័យ។
ស្ត្រីជាម្តាយនៅតែមិនបោះបង់ ដោយគាត់បានបង្ហោះរឿងរបស់កូនស្រីនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ហើយសាច់រឿងរបស់កូនស្រីគាត់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកអាណិតអាសូរ បានទាក់ទងទៅ មូលនិធីកុមារអន្តរជាតិ (International Kids Fund) ដែលជាដៃគូរបស់មូលនិធិ Kevin Garcia Foundation ដើម្បីជួយក្មេងស្រីនោះ។
បន្ទាប់ពីមានសំណើរសុំជួយ អង្គការនោះរៃអង្គាសបានប្រាក់ចំនួន ១៧.០០០ដុល្លា ដើម្បីចំណាយ លើការវះកាត់របស់ក្មេងស្រី Nicolly នៅវិទ្យាស្ថានភ្នែក Bascom Palmer។
នៅទីនោះ ក្មេងស្រី Nicolly ទទួលការវះកាត់រយៈពេល ៣ម៉ោង ដើម្បីធ្វើឲ្យភ្នែករបស់នាងមើលឃើញវិញ។ ពិតជាសំណាងល្អមែនទែន! ការវះកាត់លើកទី ៨នេះទទួលបានជោគជ័យ ហើយទីបំផុត នាងក៏បានមើលឃើញម្តាយរបស់នាងជាលើកដំបូង។
វាគឺជាពេលវេលាដ៏រំជួលចិត្តខ្លាំង នៅពេលវេជ្ជបណ្ឌិតដោះបង់រុំភ្នែកនាងចេញក្រោយពេលវះកាត់រួច។ នាងអង្គុយលើភ្លៅម្តាយនាង ហើយនៅពេលដោះបង់រុំភ្នែកចេញ នាងហាក់បង្ហាញអារម្មណ៍ប្លែក និងក្រឡេកមើលជុំវិញខ្លួនក្នុងបន្ទប់ ដែលជាសញ្ញាបញ្ជាក់ថា នាងមើលឃើញហើយ។
បន្ទាប់មក នាងក៏មើលឃើញម្តាយ និងឱបគាត់ ដែលមើលទៅពិតជារំជួលចិត្តមែនទែន!
ប្រភព៖ Good Times
សុភ័ក្ត្រ