ទស្សនាវដ្តីវេជ្ជសាស្ត្រឥណ្ឌាថ្មីៗនេះ បានចេញរបាយការណ៍បង្ហាញពីករណីមួយដ៏ចម្លែកអំពីបុរសម្នាក់ត្រូវពស់ពិសចឹកលើអណ្តាតច្រើនដង តែពុំមានបញ្ហាអ្វីទាំងអស់ ។ លើសពីនេះទៀត គាត់នៅស្ម័គ្រចិត្តឲ្យពស់ចឹក ព្រោះតែគ្រឿងញៀនធម្មតាៗ លែងនាំឲ្យគាត់មាន “អារម្មណ៍” ទៀតហើយ ។
ពស់ចឹកអណ្តាតម្តង លែងប្រើគ្រឿងញៀនបាន៣សប្តាហ៍ រួចត្រូវឲ្យវា…ចឹកទៀត ។
អ្នកវិទ្យាសាស្ត្រប្រាប់ថា ពិសរបស់ពស់ដែលបញ្ចេញមកក្នុងពេលខាំ(ចឹក) ១លើ វាគ្រប់គ្រាន់សម្លាប់មនុស្សបាន ២០នាក់ ឬដំរី១ក្បាល ។ ប៉ុន្តែបុរសឈ្មោះ Chandigarh នៅឥណ្ឌា បានសារភាពប្រាប់ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអប់រំ និងស្រាវជ្រាវវេជ្ជសាស្ត្រថា ខ្លួនបានឲ្យពស់ពិសខាំអណ្តាតច្រើនលើកក្នុងប៉ុន្មានខែមកនេះ ។
មូលហេតុដំបូងគឺគាត់ជាអ្នកសេពគ្រឿងញៀនជោគជាំម្នាក់ រហូតដល់ថ្នាក់គ្រឿងញៀនធម្មតាលែងធ្វើឲ្យគាត់មាន “អារម្មណ៍” ហើយ ។ មានមិត្តភក្តិម្នាក់របស់គាត់ពុំដែលសម្បូរបទពិសោធន៍ បានប្រាប់បុរសវ័យ ៣៣ឆ្នាំរូបនេះសាកល្បងវិធីរបស់សហគមន៍ខ្លួនមើល ដោយឲ្យពស់ពិសចឹកអណ្តាត និងថែមទាំងប្រាប់ថា វិធីនេះ “ល្អហើយថោក” ។ អ្នកចាប់ពស់នៅតំបន់ Rajasthan បានជួយឲ្យពស់ចឹកលើអណ្តារបស់គាត់ ។
ក្រោយពេលពស់ចឹក គាត់មានអារម្មណ៍ “ចលនាកន្ទ្រាក់រាងកាយ ភ្នែកព្រិលទៅៗ រួចលែងដឹងខ្លួន” ក្នុងអំឡុងពេលប្រមាណ១ម៉ោង ។ ប៉ុន្តែនៅពេលដឹងខ្លួនវិញគាត់ទទួលអារម្មណ៍ស្រួលខ្លួន មានកម្លាំងកំហែង បានប្រមាណ ៣-៤សប្តាហ៍ ។ បញ្ហាពិសេសគឺអំឡុងពេលនោះ គាត់លែងមានចំណង់សេពគ្រឿងញៀន និងស្រេកឃ្លានស្រាទៀត ។ ប៉ុន្តែនៅ ៣-៤ សប្តាហ៍ក្រោយ គាត់ចាប់មានអារម្មណ៍ពិបាកក្នុងខ្លួន ហើយចង់សេពគ្រឿងញៀន និងសុរាទៀត ។ ហេតុនេះគាត់បន្តស្វែងរកពស់ពិសផ្សេងទៀតឲ្យវាចឹក “ខាំ” ដើម្បីបានបន្តមាន “សុភមង្គល” ពី ៣-៤ សប្តាហ៍បន្ត ។
បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រយកមកធ្វើការស្រាវជ្រាវបំណងស្វែងរកវិធីបន្សាបគ្រឿងញៀន ៕ លីសា