ភ្នំពេញ ៖ ជនសង្ស័យទាំង៨នាក់ ត្រូវបាននគរបាលចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ។ ពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយកាលពីរសៀលថ្ងៃទី១ តុលា តំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំង០៨នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ។
មនុស្សចំនួន៨នាក់ (ស្រីម្នាក់) ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ ប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ រីឯមេខ្លោង និងបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងតែស្វែងរក ចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងការចាប់ខ្លួនអ្នក៨នាក់នេះ សមត្ថកិច្ចដកហូតបានអាវុធអាកាស្វាយបត់ចំនួន២៨ដើម ដោយជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់)។ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម (អាកាមួយដើម និងអឹមសីមួយដើម) និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រកឃើញកាំភ្លើងCKCមួយដើម ។ ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។
លោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនមនុស្សទាំង៨នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី30ខែកញ្ញា ឆ្នាំ២០១៨។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែង កាលពីរសៀលថ្ងៃទី១ តុលានេះថា អយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំង៨នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។ ហើយសំណុំរឿងនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ