Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ៖ កម្ពុជា គឺជា​ប្រទេស​បើកចំហរ ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាង​ថា កម្ពុជា គឺជា​ប្រទេស​បើកចំហរ​សេដ្ឋកិច្ច ជាមួយ​គោល​នយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ជាពិសេស​គ្មាន​ការរើសអើង​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ហើយ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង និង​អាច​ប្រមូល​ប្រាក់​ចំណេញ​ពី​ការធ្វើ​ធុរកិច្ច​បាន ១០០​ភាគរយ​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាង​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ ជូន​ប្រតិភូ​ធុរជន​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​អាមេរិក មក​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន ១០ ដឹកនាំ​ដោយ​លោក ម៉ា​យ​ឃើ​ល មី​ឆាល​ឡាក់ (Michael W. Michalak) អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​ប្រតិភូ​ធុរជន​អាស៊ាន​-​អាមេរិក ពី​ការ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដែល​ផ្តោត​សំខាន់​លើ​ការកែទម្រង់ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដោយ​សមធម៌ និង​វឌ្ឍនភាព​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់ E-Commerce ដែល​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ពិនិត្យ និង​កែសម្រួល​ចុងក្រោយ ដោយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឱ្យ​មាន​សង្គតិភាព (​ចំណុច​ស្រប​) ជាមួយ​ច្បាប់​ដ៏​ទៃ​ទៀត​របស់​កម្ពុជា ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី​ឧត្តមភាព​របស់​កម្ពុជា ដូច​ជា​លក្ខណៈ​ពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ (​ចំណុចកណ្តាល​នៃ​អាស៊ាន​) គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម កម្លាំង​ពលកម្ម​វ័យក្មេង តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One ដែល​ផ្តល់​ភាព​បត់​បែន​​ខ្ពស់​ដល់​វិនិយោគិន ក្នុង​ការប្រើប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម សំដៅ​នាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ នៅ​ក្រោម​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ផ្តល់​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា​។​

​បន្ថែម​លើ​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​បកស្រាយ​នូវ​សំណួរ និង​សំណូមពរ​ផ្សេងៗ ដែល​លើកឡើង​ដោយ​ប្រតិភូ​ធុរជន​អាស៊ាន​-​អាមេរិក និង​សន្យា​ជួយ​សម្របសម្រួល​រាល់​បញ្ហា​ទាំងឡាយ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ស្ថានភាព​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា គឺ​ការវិនិយោគ​ដើម្បី​បង្កើត​ប្រាក់ចំណេញ និង​បែង​ចែង​កំណើន​ដោយ​សមធម៌​, កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី​។​

​ជា​ការឆ្លើយតប លោក ម៉ា​យ​ឃើ​ល មី​ឆាល​ឡាក់ តំណាង​ឱ្យ​ប្រតិភូ​ធុរជន​អាស៊ាន​-​អាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​រៀបចំ​ជំនួប​ដ៏​មាន​សារៈសំខាន់​ថ្ងៃនេះ ដើម្បី​ឱ្យ​តំណាង​ក្រុមហ៊ុន​ទាំងអស់ បាន​ស្វែងយល់​កាន់តែច្បាស់ អំពី​គោលនយោបាយ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​សក្តានុពល​វិនិយោគ​លើ​វិស័យ​អទិភាព​ផ្សេងៗ រាប់​តាំងពី​សេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×