ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូរមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មក រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈ ល្អប្រសើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានបញ្ជាក់ថា៖ ការដឹកជូន ប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើង នៅរៀងរាល់ម៉ោង ៥ ៖ ៣០នាទីព្រឹក ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។
សេចក្ដីជូនដំណឹងបន្តទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុង ចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិន បង់ប្រាក់រយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨៕ ដោយ ៖ កូឡាប