Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​សន្យា​បណ្ដុះបណ្ដាល​ពលរដ្ឋ និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​ធ្វើការ​នៅ​ជប៉ុន​

spot_img

​ភ្នំពេញ ​៖ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (JCIA) បាន​ព្រមព្រៀង​ទទួល​បណ្ដុះបណ្ដាល​ពលរដ្ឋ​​កម្ពុជា​ឱ្យ​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន ដែល​ទីផ្សារការងារ​នៅ​ជប៉ុន​កំពុង​មាន​តម្រូវការ​ខ្ពស់ ដើម្បី​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​។​

​អនុស្សរណៈ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (JCIA) នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​។​

​លោក អ៊ិត សំហេង មានប្រសាសន៍ថា ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ខាង​លើ ត្រូវធ្វើឡើង នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ ហើយ​អង្គការ JCIA ក៏​បាន​ជួយ​បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា​ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ឆ្នាំនេះ និង​ឆ្នាំក្រោយ កម្ពុជា​នៅតែ​បន្ត​បញ្ជូន​កម្មសិក្សាការី​របស់​ខ្លួន​ទៅធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​កំណត់​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ពោល​ប្រសិនបើ​បណ្ដុះបណ្ដាល​បាន​ច្រើន គឺ​កម្ពុជា​នឹង​បញ្ជូន​កាន់តែ​ច្រើន​ទៅតាម​ដំណាក់កាល​នីមួយៗ​។​

​លោក បានបញ្ជាក់​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា និង​អង្គការ JCIA នេះ មាន​រយៈពេល​៥​ឆ្នាំ ក្នុង​នោះ​អង្គការ​មាន​ផ្ដល់​ការបណ្ដុះបណ្ដាល ដល់​ជនពិការ​ឱ្យ​ចេះ​ភាសា​ជប៉ុន ចេះ​ជំនាញ​ជួសជុល​ម៉ូតូ កាត់ដេរ​។ ក្រៅពីនោះ មាន​ជំនាញ​ថែទាំ​មនុស្ស​ចាស់ សំណង់​ស្ថាបត្យកម្ម ទេសចរណ៍ ជួសជុល​គ្រឿងយន្ត​ជាដើម​។ បន្ទាប់​នឹង​បញ្ជូន​កម្មសិក្សាការី ដែល​មាន​កាយសម្បទា​គ្រប់​គ្រាន់ ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន រយៈពេល​៣​ឆ្នាំ​។​

​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០០៧-២០១៨ កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​របស់​ខ្លួន​ចំនួន ៨.០៦៥​នាក់ (​ស្រី​ចំនួន ៤.៤៣៥​នាក់​) ហើយ​ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​២០១៨ មាន​កម្មសិក្សាការី​កម្ពុ​ជា​ចំនួន ១.៨៨៨​នាក់ ត្រូវបាន​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។​

​ការងារ​នៅ​ប្រទេស​ជប៉ុន​សម្រាប់​កម្មសិក្សា​ការី រួមមាន​៖ កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ គ្រឿងយន្ត លោហ​ធាតុ ថែម​ទាំ​មនុស្ស​ចាស់ និង​វិស័យ​មួយចំនួនទៀត​។​

​ចំពោះ​ប្រាក់​ឈ្នួល​ដែល​កម្មសិក្សាការី​កម្ពុជា ទទួលបាន​ពី​ការងារ​នៅ​ប្រទេស​ជប៉ុន ដោយ​គណនា​តាម​ប្រាក់​ម៉ោង​នោះ មាន​ពី​៧៦២​យ៉េន​-៩៨៥​យ៉េន ឬ​ប្រហែល​ពី ៦,៨​ដុល្លារ​-៨,៧​ដុល្លារ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩ ហើយ​ខុសគ្នា​ទៅតាម​ខេត្ត​នី​មួយៗ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×