ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង១២ និង៣០នាទីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៦៣ និង១៦៤។
គ្រោះថ្នាក់ថ្នាក់ខាងលើនេះ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត បុកជាមួយម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា។
តាមរបាយការណ៍ពីសមត្ថកិច្ច បានបង្ហាញថា រថយន្តលុចស៊ីស ៣៣០ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AS-75 84 បើកបរដោយឈ្មោះ ឡាំ លីហួ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មានទីលំនៅ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី ឆ្នាំ២០០៧ ពាក់ផ្លាកលេខព្រះសីហនុ1B -32 60 បើកបរដោយឈ្មោះ ខាន់ ថេង ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅពេលភាគីជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យឯកជនតានៃ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតានៃ ដើម្បីរង់ចាំការដោះស្រាយបន្តនៅថ្ងៃខាងមុខ៕ ដែន សីមា