ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យដែលលួចផលដំណាំ និងសម្ភារៈកសិករជាញឹកញាប់នៅក្រុងអរិយក្សត្រ!

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីកសិករម្ចាស់ចម្ការឈូកពីរនាក់ ដែលអះអាងថា ធ្លាប់បាត់បង់ម៉ាស៊ីនបូមទឹក ប្រេងម៉ាស៊ូត ជី អាគុយ និងផ្លែឈូកជាបន្តបន្ទាប់ បានរៀបចំឃ្លាំមើលរហូតឃើញជនសង្ស័យបើកទូកស្មាច់ចូលក្នុងចម្ការ ដើម្បីកាច់ផ្លែឈូក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:៤០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចចម្ការឈូក ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះមានពីរនាក់ គឺ លោក ច្រឹង លួត អាយុ៤៥ឆ្នាំ និង អ្នកស្រី បឿន សុភាព អាយុ៦២ឆ្នាំ។

អ្នកទាំងពីរជាជនជាតិខ្មែរ និងមានមុខរបរជាកសិករដាំឈូកនៅក្រុងអរិយក្សត្រ។

ចំណែកជនសង្ស័យត្រូវបានស្គាល់ឈ្មោះ ឃឿន សារឿន អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ដូរ និងមានទីលំនៅក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ។

តាមការបំភ្លឺរបស់ជនរងគ្រោះប្រាប់សមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ពួកគាត់ធ្លាប់បាត់ម៉ាស៊ីនបូមទឹក ប្រេងម៉ាស៊ូត ជី អាគុយ និងផ្លែឈូកជាច្រើនលើក ប៉ុន្តែមិនដែលអាចឃើញសកម្មភាពរបស់ជនសង្ស័យបានទាន់ពេលឡើយ។

ដោយសារការបាត់បង់កើតឡើងជាញឹកញាប់ ពួកគាត់បានរៀបចំគ្នាឃ្លាំមើលនៅក្នុងចម្ការ។

នៅថ្ងៃកើតហេតុ ពួកគាត់បានឃើញជនសង្ស័យបើកទូកស្មាច់បំពាក់ម៉ាស៊ីន ចូលមកក្នុងចម្ការឈូក និងកំពុងកាច់ផ្លែឈូក។ នៅពេលម្ចាស់ចម្ការដើរសំដៅទៅរក ជនសង្ស័យបានបើកទូកព្យាយាមរត់គេច។

ជនរងគ្រោះបានទូរសព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយកម្លាំងជំនាញបានចុះប្រតិបត្តិការរហូតឃាត់ខ្លួនជនសង្ស័យបាន។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ផ្លែឈូកមួយចំនួន និងទូកស្មាច់បំពាក់ម៉ាស៊ីនមួយគ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានបំភ្លឺថា ដំបូងខ្លួនបើកទូកចូលបឹងក្នុងបំណងបេះត្រកួន។ ប៉ុន្តែពេលឃើញចម្ការឈូកដែលមានទឹកលិច និងគិតថាមិនមានម្ចាស់នៅទីនោះ ខ្លួនក៏បានចូលទៅកាច់ផ្លែឈូក។

នៅពេលម្ចាស់ចម្ការមកដល់ ខ្លួនបានបើកទូករត់ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន តែម្ដង។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តនីតិវិធីតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>