ក្រសួងរ៉ែនិងថាមពល សូមជម្រាបជូនអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថាក្រសួង សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយហេតុថា នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦៨ ដែលទទួលបានការអនុញ្ញាតនិងអាចឆ្លើយតបនឹងតម្រូវការបានគ្រប់គ្រាន់។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា។
ក្រសួងរ៉ែនិងថាមពល សូមជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទាំងអស់ឱ្យ បានជ្រាបថា ក្នុងការអនុវត្តគោលការណ៍សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅ កម្ពុជា ក្រសួងបានផ្តល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបាន ចំនួន ៦៨ ក្រុមហ៊ុនរួច ហើយក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ៥៨ ចំនួន ៥៨ ក្រុមហ៊ុន សម្រាប់ធ្វើ សកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។ ផ្អែកលើស្ថានភាពនៃការអនុវត្តគោលការណ៍ខាងលើ និងតម្រូវការផ្តល់ សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែល ទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ។
ដូច្នេះ ដើម្បីទុកពេលវេលាសម្រាប់ការតាមដាន និងវាយតម្លៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការជាក់ស្តែងសម្រាប់ការផ្តល់សេវាកម្មខាងលើនេះ ក្រសួងរ៉ែនិងថាមពល សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ជាមួយគ្នានេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ ត្រូវអនុវត្តការងារដំឡើងដោយផ្ទាល់ ដោយមិន ត្រូវផ្ទេរ ឬប្រថាប់ត្រា ឬប្រគល់ការទទួលខុសត្រូវលើការងាររបស់ខ្លួនឱ្យទៅក្រុមហ៊ុន ឬបុគ្គលដទៃដែលពុំមានការ អនុញ្ញាតឡើយ ព្រមទាំងមិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការ ជាក់ស្តែងនោះទេ។
ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងសហការគ្នាចុះត្រួតពិនិត្យ តាមដាននិង វាយតម្លៃជាក់ស្តែងលើការអនុវត្តការងាររបស់ក្រុមហ៊ុនទាំងនោះ តាមការចាំបាច់។ ក្នុងករណីរកឃើញថា ក្រុមហ៊ុនណាមួយ មិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ក្រុមហ៊ុនទាំងនោះនឹងត្រូវប្រឈម នូវការព្យួរ ឬដកហូតអាជ្ញាបណ្ណ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់។រក្សាសិទ្ធិដោយ ៖សុទ្ធលី








