ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីបន្តជំរុញគុណភាព ប្រសិទ្ធភាពការអនុវត្តការងារក្នុងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវលើភារកិច្ចរៀងៗខ្លួន ដើម្បីចេញជាលទ្ធផលសម្រាប់ប្រយោជន៍សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវសកម្មភាពដែលត្រូវអនុវត្តបន្ត ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាគុណភាពនៃកម្លាំងធនធានមនុស្សសុខាភិបាល ចាប់តាំងពីការបណ្តុះបណ្តាល ការផ្តល់អាជ្ញាបណ្ណ ការកំណត់វិសាលភាពនៃការអនុវត្តវិជ្ជាជីវៈ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងការវាយតម្លៃសមត្ថភាពជាប្រចាំ ដើម្បីធានាថាអ្នកវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលមានសមត្ថភាព និងគុណវុឌ្ឍិសមស្រប។
ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវជំរុញបន្តការធានាលើការបម្រើសេវាសុខាភិបាលជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ការដាក់នូវធនធាន ដែលមានសមត្ថភាពឱ្យចំកន្លែងដែលមានតម្រូវការ ការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពឱសថ បរិក្ខារវេជ្ជសាស្ត្រ និងគ្រឿងសម្អាង ចាប់ពីការផលិត និងនាំចូល ការចុះបញ្ជី ការរក្សាទុក ការចែកចាយ រហូតដល់ការតាមដានក្រោយចរាចរលើទីផ្សារ ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលសុខាភិបាលឱ្យផ្អែកលើសមត្ថភាព និងការវាយតម្លៃតាមស្តង់ដាច្បាស់លាស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យបន្តកែលម្អនីតិវិធីការងារឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ពង្រឹងការអនុវត្តច្បាប់ស្របតាមលិខិបទដ្ឋានគតិយុត្ត និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការសម្រេចចិត្ត ដើម្បីធានាថារាល់សកម្មភាពក្នុងវិស័យសុខាភិបាល ត្រូវបានអនុវត្តដោយគុណភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពចម្បង។ រក្សាសិទ្ធិដោយ ៖សុទ្ធលី









