ភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋ មិនអាចហៅបណ្ដោយផ្លូវ៣៦០ ក្បែរគុកទួលស្លែង ក្នុងខណ្ឌចំការមន ឬក៏តែងតែហៅថាកន្លែងឡានទឹកទៀតនោះទេ ពីព្រោះ ទីតាំងឡានទឹកដែលឈរនៅនោះយ៉ាងយូរឆ្នាំមកហើយនោះ ត្រូវបានផ្លាស់ប្តូរទៅទីតាំងថ្មីហើយ ទៅនៅជាយក្រុងម្តុំបឹងពោងពាយ។
ទីតាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលគេហៅថាទីតាំងឡានទឹក ដែលចាក់គ្រឹះរឹងមាំមក នៅតាមបណ្ដោយផ្លូវ៣៦០ ក្បែរគុកទួលស្លែង ក្នុងខណ្ឌចំការមន កណ្តាលបេះដូងក្រុងភ្នំពេញ គេនាំយកទៅដាក់ទីតាំងថ្មីនៅតំបន់បឹងពោងពាយ ជាយក្រុងភ្នំពេញ ។ ទីតាំងចាស់នេះ កំពុងរុះរើ និងព័ទ្ធរបង ដោយមិនដឹងថា គេយកទៅអ្វីនោះទេ ប៉ុន្តែប្រជាពលរដ្ឋនៅក្បែរទីតាំងឡានទឹក បាននិយាយថា គេលក់ទីតាំងនេះឲ្យនាយទុន បានលុយច្រើន ហើយដោះដូរទៅតាំងថ្មីជាយក្រុង ដែលមានតម្លៃដីធូរថ្លៃ ។
ប្រជាពលរដ្ឋ បាននិយយាថា រឿងធំហើយ រឿងភ័យព្រួយប្រាកដ ជាកើតមាន សម្រាប់អ្នករស់នៅកណ្តាលរាជធានី ជាពិសេសខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ជាដើម ប្រសិនបើមានអគ្គិភ័យកើតមានឡើង ទម្រាំឡានទឹកពីជាយក្រុងមកជួយអន្តរាគមន៍ ប្រាកដជាខ្ទេចអស់មិនខាន សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពីព្រោះឥឡូវឡានទឹកនៅឆ្ងាយណាស់ មិនដូចពីមុនទេ។ ពេលនេះ ទីតាំងឡានទឹកនៅឆ្ងាយណាស់ មិននៅជិតបង្កើយដូចមុនទេ គ្រប់គ្នាដេកតែភ័យទៅ។
អគារទីតាំងរថយន្តពន្លត់អគ្កិភ័យ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ នៅពេលនេះត្រូវបានគ្រឿងចាក់វ៉ៃកម្ទេច រុះរើ និងព័ទ្ធរបង ធ្វើជាកម្មសិទ្ធិឯកជន ដោយប្តូរទីតាំងទៅជាយក្រុង ដែលទីតាំងចាស់អាចនឹងមានតម្លៃជាង៣០លានដុល្លារអាមេរិក។
នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ លោក ព្រំ យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ទីតាំងរថយន្តពន្លត់អគ្គិភ័យ ដែលមានទំហំដីជាង១ហិកតា នៅតាមបណ្ដោយផ្លូវ៣៦០ ក្បែរគុកទួលស្លែង ក្នុងខណ្ឌចំការមន ជាទីតាំងចាស់ ត្រូវបានក្រុមការងារដោះដូរមកទីតាំងថ្មីជិត១ខែទៅហើយ គឺបានផ្លាស់ប្ដូរតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨មកម្លេះ ទៅកាន់តាំងថ្មីស្ថិតនៅម្ដុំហ្គេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទំហំដីប្រហាក់ប្រហែលនឹងទីតាំងចាស់ដែរ។ លោកមិនដឹងបានដឹងពីការដោះដូរ ជាលុយកាក់នោះទេ ព្រោះស្ដាប់តាមបញ្ជាថ្នាក់លើ ។
ដោយឡែកអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមវិញ ក្រោយពីសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយពីការដូរទីតាំងនេះ ពួកគេបានចែករំលែកព័ត៌មាននេះ ហើយបញ្ចេញមតិផ្សេងៗគ្នា ក្នុងនោះអ្នកលេងFacebook ឈ្មោះ Kao Seiha បានសរសេរថា នៅកណ្ដាលក្រុងផង នៅឆេះម៉ត់ៗៗ ទម្រាំធ្លាយដល់បឹងពោងពាយ??? ម៉ែហ្អើយ30លាន$$$អាគាំង។ ដោយឡែកអ្នកខ្លះវិញ កើតក្ដីបារម្ភចំពោះការប្ដូរទីតាំងនេះ ដោយលើកឡើងថា ឡានទឹកប្ដូរទីតាំងហើយ ចឹងត្រូវប្រយ័ត្ន ព្រោះថាបើឆេះដឹងតែជួយមិនទាន់ទេ
ចំណែកឯទីតាំង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ត្រូវបានធ្វើការផ្លាស់ប្តូរទីតាំងផងដែរ ដោយយករថយន្តទៅដាក់នៅទីតាំងថ្មី គ្មានអ្នកណាយកចិត្តទុកដាក់ មើលថែទាំ គ្មានទីតាំងចំណតខ្លួនឯងច្បាស់លាស់ឡើយ គឺដើរសុំដីគេឯងជ្រកកោណ ទុកហាលថ្ងៃ ហាលភ្លៀង ដែលកត្តាទាំងនេះធ្វើឲ្យពលរដ្ឋ រិះគន់ថ្នាក់ដឹកនាំខេត្ត ពិសេសលោកស្នងការនគរបាលខេត្តតែម្តង ដែលមិនបានយកចិត្តទុកដាក់ក្នុងបញ្ហានេះ។
ករណីនេះមន្ត្រីនគរបាលម្នាក់ នៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា កន្លងមករថយន្តពន្លត់អគ្គិភ័យ ពិតជាគ្មានទីកន្លែងខ្លួនឯងមែន ដោយធ្លាប់សុំទីតាំងចតនៅក្នុងបរិវេណ មន្ទីរទេសចរណ៍ចាស់ បន្ទាប់មកក្រោយបោះឆ្នោតរួចហើយ ត្រូវផ្លាស់ប្តូរ ទៅសុំទីតាំងថ្មី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប តែទីតាំងចំណតនេះ អត់ស័ក្តិសម ទៅលើឈ្មោះ ជាអ្នកបង្ការ ពន្លត់អគ្គិភ័យនោះទេ ព្រោះបើចៃដន្យមានភ្លើងឆេះ វិញនោះ តើឲ្យរថយន្តទាំងអស់នេះ បើកលូនចេញកាត់ភក់ជ្រាំ ធ្វើដូម្ដេចនឹងអាច ទៅជួយសង្គ្រោះ ប្រជាពលរដ្ឋទាន់ទាន់ពេលវេលាបានទៅ ៕ ដោយ ៖ បញ្ញាស័ក្តិ