Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ​ ​

​ភ្នំពេញៈ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ ការលើកកម្ពស់​សុខមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារសំខាន់ លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏​នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ថ្លែង​ផ្តោត​ពី​គន្លឹះ​លើ​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​ផងដែរ​។

​នៅក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​ដែលជា​ការយកចិត្តទុកដាក់​រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​តំបន់ និង​អន្តរជាតិ​។ បន្ទាប់មក​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន​។

សូមបញ្ជាក់ថា មេគង្គ​-​ជប៉ុន គឺជា​កិច្ចសហប្រតិបត្តិការ​មួយ​ដែលមាន​ប្រទេស​ចំនួន​៥ ជា​សមាជិក​រួមមាន ជប៉ុន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​-​កម្ពុជា​-​ទ្បា​វ​-​វៀតណាម (CLV) លើក​ទី​៣ នៅ​ខែមករា ឆ្នាំ​២០០៧ នៅ​ទីក្រុង​Cebu ប្រទេស​ហ្វីលីពីន​។​

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន មាន​គោលបំណង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ជំរុញ​សមាហរណកម្ម​អាស៊ាន​។​កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលដៅ​ចម្បង​ក្នុង​ការសម្រេច​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព ដោយ​គិតគូរ​អំពី​បរិស្ថាន និង​សុខភាព ព្រមទាំង​ធានា​សន្តិភាព និង​ស្ថេរភាព​ជា​និរន្តរ៍​នៅក្នុង​តំបន់​។​ ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ប្រព្រឹត្ត​ទៅជា​រៀងរាល់ ០១​ឆ្នាំ​ម្ដង ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ឆ្លាស់​ទៅធ្វើ​នៅ​ប្រទេស​ជប៉ុន រៀងរាល់ ០៣​ឆ្នាំ​ម្ដង ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ​ថ្មី​។ កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន បានធ្វើ​ឡើង​ចំនួន ៩​ដង​ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​រយៈ​៩​ឆ្នាំ​កន្លងទៅ កិច្ចសហប្រតិបត្តិការ​មួយ​នេះ បានធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​រវាង​ប្រទេស​ជា​សមាជិក ហើយក៏​បានរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជា​សមាជិក​ឲ្យ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​៕ លីសា

×