ភ្នំពេញ៖ បញ្ហាអនុគ្រោះពន្ធ (Everything But Arm) នៅតែជាចំណោទ ដែលគេចង់ដឹងនោះ គឺថាតើសហភាពអឺរ៉ុប នឹងបន្ត ឬកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជាដែរទេ?
ក្នុងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបនៅថ្ងៃសុក្រនេះបានលើកឡើងពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាថា រដ្ឋាភិបាលប្រទេសនេះប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលប្រព្រឹត្តិទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញសេចក្តីប្រកាសខាងលើ លើកឡើងថា មួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះ ខ្លាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ។ គណៈកម្មការអឺរ៉ុប ក៏បានលើកឡើងថា ការបោះឆ្នោតកាល ពីខែកក្កដា មានការបំភិតបំភ័យផងដែរ។
សម្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ដ្បិតគ្មានចម្លើយក្តី ប៉ុន្តែលោក George Edgar អាចបង្ហើបបានថា កម្ពុជា នឹងអាចទទួលបានការអនុគ្រោះពន្ធដល់ឆ្នាំ២០២៧ តាមរយៈគោលការណ៍របស់សហភាពអឹរ៉ុប ដែលអនុគ្រោះដល់ប្រទេសអភិវឌ្ឍតិចតួច។ ប៉ុន្តែការបន្តបានការអនុគ្រោះពន្ធនេះ លុះត្រាតែកម្ពុជា មិនបង្កើតបញ្ហាអ្វី ដែលសហភាពអឺរ៉ុប មើលឃើញពីកំហុសឆ្គង ដែលនាំឲ្យឈានដល់ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះមួយនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា ចំណាត់ការរបស់សហភាពអឺរ៉ុបដែលចង់ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធហៅកាត់ថា EBA នោះ ជាសិទ្ធិរបស់សភាពអឺរ៉ុប ដោយថា នេះជារឿងពាណិជ្ជកម្មនិងការអភិវឌ្ឍ ហើយមិនមានប្រទេសណាសង្កត់ប្រទេសណាទេ។
ទោះយ៉ាងណាអឺរ៉ុបបញ្ជាក់ថា នៅមិនទាន់ដល់ដំណាក់កាលដាច់ខាតនោះទេ គឺនៅតែបើក ផ្លូវក្នុងការចរចាជាមួយប្រទេសទាំងពីរនេះ៕ បូព៌ា