ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងអាល្លឺម៉ង់ បានផ្លាស់ប្តូរយោបល់អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការកើនឡើងថ្លៃថាមពលនិងបញ្ហាប្រឈមផ្សេងៗ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការកើនឡើងថ្លៃថាមពលនិងបញ្ហាប្រឈមផ្សេងៗ ព្រមទាំងឱកាសក្នុងការពង្រឹងកិច្ចសហការបន្ថែមទៀត។

ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបានពិភាក្សាអំពីឱកាសក្នុងការពង្រឹងខ្សែច្រវាក់តម្លៃក្នុងវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទី។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់ក្នុងការជំរុញការកែច្នៃក្នុងស្រុក និងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់កសិករ ផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានមានប្រសាសន៍ពីកិច្ចសហការល្អផ្នែកហិរញ្ញវត្ថុជាមួយរដ្ឋាភិបាលអាល្លឺម៉ង់នាពេលកន្លងមក និងបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងវឌ្ឍនភាពនៃការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញ។ ពាក់ព័ន្ធនឹងការទទួលបានហិរញ្ញប្បទាន លោកជំទាវបានលើកឡើងថា បើទោះបីជាមានការដាក់ចេញនូវយន្តការលើកទឹកចិត្តផ្នែកបទប្បញ្ញត្តិ ដើម្បីជំរុញការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម ប៉ុន្តែបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាននៅតែមាន។ ក្នុងន័យនេះ លោកជំទាវបានលើកទឹកចិត្តឱ្យមានកិច្ចសហការស្រាវជ្រាវរួមគ្នា ដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវឧបសគ្គជាក់ស្តែង ដូចជាលទ្ធភាពទទួលបានដើមទុន ភស្តុភារកម្ម ខ្សែច្រវាក់តម្លៃកសិកម្ម ឬការយល់ដឹងរបស់អ្នកប្រើប្រាស់សេវាហិរញវត្ថុ។

លោកជំទាវទេសាភិបាល និងលោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាផ្អែកលើភស្តុតាង និងការពង្រឹងកិច្ចសហការដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅពង្រឹងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម