មនុស្សមួយចំនួនមានទម្លាប់ស្លៀកពាក់ភ្លាមសម្លៀកបំពាក់ទើបទិញថ្មី ដោយពុំទាន់បានបោកគក់ ។ ចូរពិចារណាឡើងវិញ ព្រោះស្ថាប័នសុវត្ថិភាពអាហារ, បរិស្ថាន និងពលកម្មរបស់បារាំង (ANSSES) ទើបនឹងព្រមានពីគ្រោះថ្នាក់បង្កប់ក្នុងសម្លៀកបំពាក់ថ្មី ។
ជំនាញការអំពីជាតិពុលមួយរូប បានបញ្ជាក់ពីការស្រាវជ្រាវវិទ្យាសាស្ត្រ៖ «ក្រោយពេលវិភាគប្រមាណ ១០០ សារជាតិគីមីមាននៅលើក្រណាត់ខោអាវ អ្នកជំនាញការបានរកឃើញប្រមាណ ១០ សារជាតិ មានលទ្ធភាពបង្កអាលែកហ្ស៊ី, រមាស់ និងថែមទាំងមហារីក» ។ ហើយក៏មានសារជាតិគីមីចម្លែកនៅលើខោអាវកីឡា ។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ស្ថាប័ន ANSES បានស្រាវជ្រាវជំហានដំបូងក្នុងវិស័យនេះ លើ ៣០ ករណី ជំងឺនៅមនុស្សពេញវ័យ ដោយបានកំណត់ជាតិពុលដក់ជាប់ក្នុងបណ្តាផលិតផលសម្លៀកបំពាក់ គឺសារជាតិ benzidine និង Crom 6 ។
ផ្តើមពីនោះ ស្ថាប័ននេះទូន្មានអ្នកប្រើប្រាស់ចូរបោកគ់ឲ្យស្អាតបាតនូវសម្លៀកបំពាក់ទើបទិញថ្មីទាំងអស់ ចៀសវាងឲ្យក្រណាត់នៅថ្មីប៉ះពាល់ជាមួយស្បែក ។
ហើយប្រសិនជួបប្រទះរោគសញ្ញា, រមាស់ ឬ កន្ទួល ពេលស្លៀកសម្លៀកបំពាក់ថ្មីពុំទាន់បោកគក់ នោះចូរប្រញាប់ទៅជួបពេទ្យសើស្បែកត្រួតពិនិត្យជាបន្ទាន់ ៕ លីសា