(ប៉ារីស, បារាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte នារដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោកស្រី ឡាំ បញ្ចពរ អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងលោក Till Ahnert នាយកគម្រោង EU-German GATE នៃអង្គការ GIZ កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន-សហគ្រាសកម្ពុជា និងដៃគូពាណិជ្ជកម្មអន្តរជាតិជាច្រើនរូប។
ពន្លាជាតិកម្ពុជា (Cambodia Pavilion) នេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅលើកកម្ពស់វត្តមាន និងកិត្យានុភាពរបស់កម្ពុជា ជំរុញការនាំចេញ ព្រមទាំងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាដៃគូផ្គត់ផ្គង់ដ៏មានទំនុកចិត្តនៅលើទីផ្សារអន្តរជាតិ។ ពន្លាជាតិកម្ពុជា មានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំមកជាមួយនូវបណ្តាក្រុមហ៊ុន-សហគ្រាសកម្ពុជាចំនួន ១៦ ជាមួយនឹងផលិតផលសក្តានុពលខ្ពស់មកតាំងបង្ហាញ ដូចជា៖ ស្វាយចន្ទី ផ្លែឈើសម្ងួត (ជាពិសេសស្វាយសម្ងួត) ម្រេច គ្រឿងទេស និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានអញ្ជើញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ មកទស្សនាស្វែងយល់ពីសក្តានុពលផលិតផលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការធុរកិច្ចថ្មីៗដោយផ្ទាល់នៅទីតាំងនោះផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី























