ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីឧទ្យានុរក្សខេត្តក្រចេះ បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន ២២៨ករណី ក្នុងរយៈពេល៩ខែ !!

ខេត្តក្រចេះ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន២២៨ករណី ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ក្រោយចុះល្បាតចំនួន១.៤១៥លើក នៅតាមតំបន់ការពារធម្មជាតិនានាក្នុងខេត្ត។

តាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា: បទល្មើសដែលបង្ក្រាបបានរួមមាន ការទន្ទ្រានដីព្រៃ១២១ករណី បទល្មើសសត្វព្រៃ៥៥ករណី បទល្មើសព្រៃឈើ៣៧ករណី ការសាងសង់ឡធ្យូងខុសច្បាប់៣៦ករណី និងការសាងសង់រោងខុសច្បាប់២៧ករណី។

ក្នុងចំណាត់ការផ្លូវច្បាប់នេះ មន្ត្រីជំនាញបានកសាងសំណុំរឿងចំនួន៤៧ បញ្ជូនទៅសាលាដំបូងខេត្ត ក្នុងនោះ មាន ៣៩សំណុំរឿងពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ និង ៨សំណុំរឿងពាក់ព័ន្ធបទល្មើសព្រៃឈើ។

ជាមួយគ្នានេះ តាមរយៈសាលក្រមស្ថាពរ, មានផ្ទៃ ដីចំនួន៤៤៧,៩៨ហិកតា ត្រូវបានរឹបអូសមកជាសម្បត្តិរដ្ឋ ហើយជនសង្ស័យចំនួន៦នាក់ត្រូវបានបញ្ជូនទៅតុលាការ។

បច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្តក្រចេះ ទទួលខុសត្រូវលើការការពារ និង អភិរក្សធនធានធម្មជាតិនៅតំបន់ការពារធម្មជាតិចំនួន៦ ដែលមានផ្ទៃដីសរុប ២៨៣.១៨០ហិកតា រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ កែវសីមា លំផាត់ សំបូរ ព្រែកប្រសព្វ និង តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ។

មន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ពីការបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារតំបន់អភិរក្សឱ្យកាន់តែមានប្រសិទ្ធភាព។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម