ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពីជិត៦០ឆ្នាំមុន ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ទំនាក់ទំនងនេះគឺមានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិទាំងពីរ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅកម្ពុជា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
ដំណើរការបំពេញការងាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ឯកឧត្តម តូ ឡឹម មកកាន់ប្រទេសកម្ពុជា ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង» វៀតណាម-កម្ពុជា កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ និងជាក់ស្តែង។ ប្រទេសទាំងពីរំពឹងឆ្ពោះទៅព្រឹត្តិការណ៍ខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៦៧ – ២០២៧)។ ដូច្នេះ ដំណើរការបំពេញការងារនេះរួមចំណែកបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម – កម្ពុជា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង» កាន់តែស៊ីជម្រៅ និងជាក់ស្តែង
ជាប្រទេសជិតខាងស្និទ្ធស្នាលដែលមានចំណុចស្រដៀងគ្នាជាច្រើន វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ មនោសញ្ចេតនាមិត្តភាពដ៏ល្អប្រសើររវាងប្រទេសជិតខាងទាំងពីរត្រូវបានបណ្តុះបណ្តាល និងចេញពីសម័យកាលរួមគ្នាប្រយុទ្ធតស៊ូដណ្តើមឯករាជ្យជាតិ រហូតដល់ដំណាក់កាលងើបឡើងវិញ និងកសាងប្រទេសជាតិឡើងវិញ។ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរគឺជាមោទនភាព និងជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដែលត្រូវបាន និងកំពុងត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់ រួមទាំងប្រជាជននៃប្រទេសទាំងពីរថែរក្សា ឱ្យតម្លៃ អភិវឌ្ឍ និងខិតខំប្តូរផ្តាច់ យ៉ាងពេញលេញដល់យុវជនជំនាន់ក្រោយ។ នាពេលកន្លងមក ទំនាក់ទំនងវៀតណាម – កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដោយផ្អែកលើមូលដ្ឋានមិត្តភាពដ៏ល្អប្រសើរ និងទំនុកចិត្តនយោបាយកម្រិតខ្ពស់។
កម្ពុជាឱ្យតម្លៃលើតួនាទី និងឋានៈរបស់វៀតណាម ហើយមានបំណងចងភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងជាមួយវៀតណាម។ ភាគីទាំងពីរបន្តរក្សាសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់ និងថ្នាក់ផ្សេងៗទៀតក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅតាមវេទិកាពហុភាគី។ ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាន់ខ្ពស់គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទាំងសងខាងក្នុងការបន្តពូនផ្តុំទំនាក់ទំនងវៀតណាម – កម្ពុជា លើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង»។
កិច្ចសហប្រតិបត្តិការតាមបណ្តាញបក្សដើរតួនាទីជាទិសដៅសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។ យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់ត្រូវបានរៀបចំឡើងជាប្រចាំ និងទទួលបានផ្លែផ្កាប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមបណ្តាញរដ្ឋសភាបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសាមគ្គីភាព និងការផ្សារភ្ជាប់យុទ្ធសាស្ត្ររយៈពេលវែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរ។ កិច្ចសហប្រតិបត្តិការការពារជាតិ – សន្តិសុខបន្តជាសសរស្តម្ភ ដ៏សំខាន់កាន់តែជិតស្និទ្ធ និងជាក់ស្តែង។ ភាគីទាំងពីរដាក់ឱ្យដំណើរការយ៉ាងមានប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការក្នុងក្របខណ្ឌ គម្រោងសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈវៀតណាម ជាពិសេសក្នុងវិស័យសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត គ្រឿងញៀន ការជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ តាមរយៈនោះរួមចំណែករក្សា បរិយាកាសសន្តិភាព ស្ថិរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់។
ចំណុចភ្លឺស្វាងផ្នែកសេដ្ឋកិច្ចក្នុងទំនាក់ទំនងទ្វេភាគី
ចំណុចភ្លឺស្វាងមួយក្នុងទំនាក់ទំនងទ្វេភាគីគឺកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម – វិនិយោគ និងទេសចរណ៍។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំកន្លងទៅសម្រេចបានក្នុងទឹកប្រាក់ជាង ១១,៣៣ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំងដល់ទៅអត្រាជិត ១២ ភាគរយ។ រយៈពេល៨ខែ ឆ្នាំ២០២៦នេះ ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរសម្រេចបាន ទឹកប្រាក់ ៨,៧ ពាន់លានដុល្លារអាមេរិកកើនឡើង ៨,៣ ភាគរយ ដែលជួយឱ្យវៀតណាមបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។ ចំពោះការវិនិយោគ អ្នកវិនិយោគវៀតណាមបច្ចុប្បន្នបានដាក់ពង្រាយគម្រោងប្រមាណជាង ២២៣ គម្រោងនៅកម្ពុជា ដោយមានទុនចុះបញ្ជីសរុបឈានដល់ជាង ៣,៤ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា ហើយវៀតណាមឈរលេខពីរក្នុងចំណោមបណ្តាប្រទេសនាំចេញទំនិញចូលកម្ពុជា និងក៏ជាប្រទេសនាំចូលទំនិញកម្ពុជាធំទីពីរផងដែរ។ ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីឈានដល់ទឹកប្រាក់២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។
ចំពោះវិស័យទេសចរណ៍ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ វៀតណាមគឺជាប្រភពភ្ញៀវទេសចរអន្តរជាតិជួរមុខរបស់កម្ពុជាដែលមានភ្ញៀវទេសចរលើសពី ៥៨៥.០០០ នាក់ ខណៈដែលភ្ញៀវទេសចរកម្ពុជាមកទស្សនាក្នុងប្រទេសវៀតណាមក្នុងរយៈពេល៩ខែ ឆ្នាំនេះមានចំនួនប្រមាណ ៦៣០.០០០ នាក់ កើនឡើង ៤០,៥% ឈរនៅលំដាប់ធំទី៦ របស់វៀតណាម។ តួលេខទាំងនេះឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ និងការជួបប្រាស្រ័យកាន់តែជិតស្និទ្ធរវាងប្រជាជនវៀតណាម និងកម្ពុជា។ ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម – កម្ពុជា ២០២៦ (VIDEX CAMBODIA 2026) ប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ វិស័យកិច្ចសហប្រតិបត្តិការផ្សេងទៀតដូចជា អប់រំ – បណ្តុះបណ្តាល គមនាគមន៍ – ដឹកជញ្ជូន វប្បធម៌ សុខាភិបាល ទូរគមនាគមន៍… ក៏ទទួលបានការយកចិត្តទុកដាក់ជំរុញផងដែរ។ ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមហាជន និងអង្គការមហាជនប្រជាជនត្រូវបានរក្សា និងមានការកែប្រែថ្មីៗអំពីទម្រង់តាមស្ថានភាពជាក់ស្តែង។
តាមរយៈសកម្មភាពអប់រំ ការជួបប្រាស្រ័យវប្បធម៌ និងការបង្កើតទំនាក់ទំនងជាបងប្អូនរវាងមូលដ្ឋាន ការយល់ដឹង និងមនោសញ្ចេតនាផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយត្រូវបានកើនឡើងជាលំដាប់ ដោយក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពរវាងវៀតណាម និងកម្ពុជា។ ក្រៅពីយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានៅតាមវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកបានរួមចំណែកលើកកម្ពស់កិត្តិនាម និងឋានៈរបស់ប្រទេសនីមួយៗក្នុងតំបន់ និងលើពិភពលោក។
ការពង្រឹង និងបត់បែនទំនាក់ទំនងវៀតណាម – កម្ពុជា ក្នុងដំណាក់កាលថ្មី
នៅលើមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរ ដំណើរបំពេញការងារនៅកម្ពុជារបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ឯកឧត្តម តូ ឡឹម មានអត្ថន័យសំខាន់ ដោយបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់បំផុតរបស់វៀតណាមចំពោះការពង្រឹង និងការធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរនូវទំនាក់ទំនងជាមួយកម្ពុជា។ នេះគឺជាដំណើរទស្សនកិច្ច និងបំពេញការងារលើកទីពីរមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៦ របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឯកឧត្តម តូ ឡឹម ហើយប្រទេសទាំងពីរមានសក្តានុពលជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ដំណើរការបំពេញការងារលើកនេះរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមរួមជាមួយកម្ពុជាក្នុងការបណ្តុះបណ្តាលបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នាក្នុងតំបន់ ក៏ដូចជាជំរុញរាល់កិច្ចសហប្រតិបត្តិការចាំបាច់ផ្សេងៗទៀតរវាងប្រទេសទាំងពីរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN











