ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអនុម័ត និងចេញផ្សាយជាផ្លូវការនូវ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌» ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារមរតកវប្បធម៌មនុស្សជាតិ ។

នៅក្នុងសេចក្តីអំពាវនាវដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំនៃប្រទេសប្រើប្រាស់ភាសាបារាំង បានបញ្ជាក់អះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ចំពោះគុណតម្លៃរបស់ហ្វ្រង់កូហ្វូនី រួមមានភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនា សាមគ្គីភាព សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ អនុសាសន៍របស់អង្គការយូណេស្កូស្តីពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិត និងការប្រកាន់ខ្ជាប់ចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។

ទន្ទឹមនឹងនេះ អង្គប្រជុំកំពូលបានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងដែលកំពុងកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើន នៃពិភពលោក ជាពិសេសការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ នគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ព្រមទាំងហានិភ័យនៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើឱ្យវប្បធម៌ និងភាសាបាត់បង់ភាពចម្រុះរបស់ខ្លួន។ ក្នុងន័យនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលហ្វ្រង់កូហ្វូនី បានសម្តែងនូវសាមគ្គីភាពជាមួយបណ្តារដ្ឋដែលកំពុងប្រឈមមុខនឹងស្ថានភាពបេតិកភណ្ឌរងការខូចខាតធ្ងន់ធ្ងរ ជាពិសេសទីតាំងបេតិកភណ្ឌពិភពលោក និងសហគមន៍ដែលជាអ្នកថែរក្សាបេតិកភណ្ឌទាំងនោះ ។

ផ្អែកលើស្មារតីខាងលើ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានធ្វើការអំពាវនាវរួមគ្នាលើចំណុចគន្លឹះចំនួន ៧រួមមាន៖
ក). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុល និងស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ ។
ខ). ឱ្យមានការគាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលគំរាមកំហែងដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួន ។
គ). ឱ្យមានការលើកកម្ពស់ការផ្ទេរចំណេះដឹង ប្រពៃណី និងបេតិកភណ្ឌអរូបីទៅកាន់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យយុវជនក្លាយជាតួអង្គដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌទាំងនេះ ។
ឃ). ឱ្យមានការលើកទឹកចិត្តដល់ការដោះដូរទៅវិញទៅមកនូវជំនាញ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើឌីជីថលភាវូបនីយកម្មនៃបេតិកភណ្ឌ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវប្បធម៌ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចងក្រងឯកសារ ការអភិរក្ស និងការលើកតម្លៃបេតិកភណ្ឌ ដោយគោរពភាពចម្រុះវប្បធម៌ និងកម្មសិទ្ធិបញ្ញា ។
ង). ឱ្យមានការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ជាអាទិ៍តាមរយៈការគាំទ្រសហគ្រាសទើបបង្កើតថ្មីប្រកបដោយនវានុវត្តន៍ក្នុងវិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យទៅជាមធ្យោបាយជំរុញកិច្ចសន្ទនា ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។
ច). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងជំរុញការបញ្ជូនត្រឡប់ ឬការប្រគល់ជូនប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ជាអាទិ៍តាមរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ ។
ឆ). ឱ្យមានការពង្រឹងសមត្ថភាពជាតិក្នុងការបង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបចំពោះការគំរាមកំហែងដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមានវិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម