នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ជំនួបប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជំនួប ប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ប្រមុខដឹកនាំអាស៊ានបានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន ក្រោមមូលបទនៃភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា ព្រមទាំងពីទំនាក់ទំនង ដៃគូខាងក្រៅ និងទិសដៅអនាគតរបស់អាស៊ាន ស្របពេលដែលបរិបទតំបន់ និងសកលលោកកាន់តែមាន ភាពស្មុគស្មាញ។ ប្រមុខដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាបរិយាកាសក្នុងតំបន់ប្រកបដោយ សន្តិភាព ស្ថិរភាព បរិយាបន្ន និងភាពអាចព្យាករណ៍បាន ដោយគោរពអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំង ការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រមុខដឹកនាំក៏បានសម្រេចថា ទីម័រឡេស្តេនឹងទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៩ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់អាស៊ានចំពោះការត្រៀមលក្ខណៈរបស់ទីម័រឡេស្តេ សម្រាប់ការទទួលខុសត្រូវដ៏សំខាន់នេះ។
ប្រមុខដឹកនាំបានស្វាគមន៍ការចុះហត្ថលេខាថ្មីៗនេះ លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសខ្នាតមីក្រូតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឆ្លងកាត់ព្រំដែន ការចូលទៅកាន់ទីផ្សារថ្មីៗ និងទទួលបានអត្ថប្រយោជន៍ ទន្ទឹមនឹងការទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលកំពុងរីកចម្រើន និងការពង្រឹងសមត្ថភាពប្រកួតប្រជែងតំបន់។ ប្រមុខដឹកនាំក៏បានពិភាក្សាអំពី ការពង្រឹងសន្តិសុខថាមពល តាមរយៈកិច្ចព្រមព្រៀងសន្តិសុខប្រេងកាតអាស៊ាន និងបណ្តាញថាមពលអាស៊ាន៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី










