ខេត្តកំពង់ធំ ៖ អន្ទិតទើបនឹងសឹកម្នាក់ គាំងបេះដូងស្លាប់នៅលើផ្ទះគូដណ្តឹង បន្ទាប់ពីពួកគេទាំង២នាក់បានរួមរ័ក ហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពមន្ត្រីនគរបាលស្រុកស្ទោងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ន ហ៊ល អាយុ៣៥ឆ្នាំ ទើបតែសឹក រស់នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ។
បើតាមការបំភ្លឺពីស្ត្រីឈ្មោះ យ.ស.ខ ត្រូវជាគូដណ្តឹងរបស់សព បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែតុលា រូបនាង និងគូដណ្តឹងដែលជាជនរងគ្រោះ បាននាំគ្នាទៅចូលរួមនៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់បងប្អូន ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង នៅពេលចេញមកវិញ ក៏នាំគ្នាទៅដេកនៅផ្ទះរបស់នាង ។
លុះដល់ម៉ោងប្រហែល៤ទៀបភ្លឺ ខ្លួន និងគូដណ្តឹងក៏បានរួមភេទជាមួយគ្នាបានម្តង ហើយក៏ដេកនិយាយគ្នាលេងបានមួយសន្ទុះដល់ម៉ោងប្រហែល៥ទៀបភ្លឺ ស្រាប់តែគូដណ្តឹងរបស់នាងប្រាប់ខ្លួនថា អូនជួយច្របាច់ និងរឹតពោះឲ្យបងបន្តិចមក។ ឮដូច្នេះនាងក៏ងើបរឹតពោះឲ្យបានបន្តិច បន្ទាប់មកក៏ឮសូរសំឡេងត្រកៗ ភ្នែកឡើងបញ្ឈ នាងក៏ស្រែកហៅម្តាយនាង និងបងស្រីឲ្យមកជួយធ្វើចលនាបេះដូងឲ្យ និងបានតាមគ្រូពេទ្យមកជួយសង្គ្រោះ តែ នៅពេលដែលគ្រូពេទ្យមកដល់ពិនិត្យរួចប្រាប់ថា គូរដណ្តឹងរបស់នាងបានស្លាប់បាត់ទៅហើយ ។
ចំណែកឈ្មោះ ហ៊ន ហាក់ ត្រូវជាបងប្រុសបង្កើតសពប្រាប់ថា ប្អូនប្រុសខ្លួនកន្លងមកធ្លាប់មានជំងឺក្រពះធ្ងន់ធ្ងរ និងមានជំងឺបេះដូងកាលនៅបួសជាសង្ឃ ទើបសឹកមកព្យាបាលបានប្រហែលមួយឆ្នាំ ហើយក៏មកដណ្តឹងប្រពន្ធនៅភូមិកើតហេតុខាងលើនៅពុំទាន់ជាដាច់ពីជំងឺនោះទេ ៕ ដោយ ៖ បញ្ញាស័ក្តិ