សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតនិងក្តៅខ្លាំងក្នុងរដូវប្រាំងនេះ ដោយត្រូវសន្សំសំចៃទឹក និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានល្អ។ សម្តេច ក៏បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយមសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ និងសន្សំសំចៃទឹក ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមបង្ការនិងឆ្លើយតបក្នុងករណីមានភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ។
សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធជំរុញនិងផ្សព្វផ្សាយការពិនិត្យ និងចុះឈ្មោះបោះឆ្នោតដើម្បីធានាភាពរលូន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ ក្នុងន័យនេះ សម្តេច បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រុមការងារចុះមូលដ្ឋានធ្វើការងារជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដើម្បីធានាថា ប្រជាពលរដ្ឋបានពិនិត្យបញ្ជីឈ្មោះ ហើយអ្នកដែលគ្រប់អាយុបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ រក្សាសិទ្ធិដោយ ៖សុទ្ធលី




