Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាវុធហត្ថ​ស្លៀកពាក់​ស៊ីវិល​ម្នាក់ ត្រូវ​ចាប់ខ្លួន ក្រោយ​បាញ់ប្រហារ​១០​គ្រាប់ ត្រូវ​ប្រជា​ការពារ​ម្នាក់​បាក់​ជើង

​ភ្នំពេញ​ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនប្រដាប់អាវុធ​ម្នាក់​ជា​មន្ត្រី​អាវុធហត្ថ​ដែល​ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី មួ​យ​ដើម បាន​បាញ់ប្រហារ​លើ​សមត្ថកិច្ច​១០​គ្រាប់ ពេល​កំពុង​ដេញ​បង្ក្រាប ក្រុម​ក្មេង​ទំនើ​ង រត់​ចែក​ជើង​គ្នា​បាត់​អស់ និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​ស្តាំ រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង កាលពី​ម៉ោង​ជិត​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ នៅត្រង់​ចំណុច​ទល់មុខ​ផ្ទះល្វែង​A4 ស្ថិត​តាមផ្លូវ​បេតុង ភូមិ​គង្គារ​ផុស ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ ។​

​សមត្ថកិច្ច​ឱ្យដឹងថា ​៖​ ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង មានឈ្មោះ ឡាយ អ៊ីង​ឃី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នាក់​នៅ​ជិត​កន្លែងកើតហេតុ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ បានបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ឫស្សីកែវ បាន​ចេញ​ល្បាត ពួនស្ទាក់​តាម​ភូមិសាស្ត្រ​នានា ក្នុង​មូលដ្ឋាន និង​ត្រៀម​លក្ខណៈ​អន្តរាគមន៍ បង្ការ បង្ក្រាប​បទល្មើស ចោរលួច ឆក់ ប្លន់ ផ្សេងៗ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ខណៈពេល​ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំខូ​ស៊ីធី ក៏​បាន​ប្រទះឃើញ​ក្រុម​ក្មេង​ទំនើ​ង កំពុង​វាយ​តប់​គ្នា គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​(​មិន​ចាំ​ម៉ាក​)​រត់គេចខ្លួន ភ្លាម​នោះ​កម្លាំង​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម ចូល​ទៅ​តាម​ផ្លូវ​បេតុង​(​គ្មាន​លេខ​) មុខ​ផ្ទះល្វែង​A4 ដែល​ជា​កន្លែងកើតហេតុ ខាងលើ ស្ថិតក្នុង​ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ក៏បាន​ឃាត់​ម៉ូតូ​ជនសង្ស័យ​បំរុង​និង​ធ្វើ​ការឃាត់​សុំ​ឆែកឆេរ និង​សួរនាំ ស្រាប់តែ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល ហើយ​នៅក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម ម៉ា​កឡុក (GLock) ពណ៌​ខ្មៅ បាន​បាញ់​ចំនួន​មួយ​គ្រាប់ ក៏​ផ្អើល​សមត្ថកិច្ច​នគរបាល ប្រាប់​ឲ្យកម្លាំង​ពួន​ក្រា​បរក​កន្លែង​មាន​សុវត្ថិភាព​សិន និង រាយការណ៍​តាម​វិទ្យុទាក់ទង សុំ​កម្លាំង​ជួយ​អន្តរាគមន៍ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។ ក្នុងឱកាស​នោះ​សមត្ថកិច្ច​កំពុង​រក​កន្លែង​សុវត្ថិភាព ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ឡើង​ជិះ​ម៉ូតូ​រត់​ចែក​ជើង​គ្នា​បាត់អស់ ។​

​ក្រោយមក​ជន​ស៊ីវិល​រូបនោះ ក៏​បាន​បាញ់​បន្តទៀត បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ចំ​ជើង​ស្តាំ​រងរបួស​ធ្ងន់​ផងដែរ សរុប​ចំនួន​១០​គ្រាប់​បន្តបន្ទាប់​គ្នា រហូត​ដល់​សល់​តែ​មួយ​គ្រាប់ ទើប​សមត្ថកិច្ច​នគរ​បាល ប្រដាប់​ដោយ​កាំភ្លើង​AK បាន​ស្ទុះ​ចូល​ទៅ​ភ្ជង់​ជន​ស៊ីវិល​ប្រដាប់​អាវុធ​នោះ រួច​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម យក​រក្សាទុក​ធ្វើ​ជា​វត្ថុតាង រួច​វាយខ្នោះ រង់ចាំ​កម្លាំង​មក​យក​ទៅ​សាកសួរ​បន្ត នៅ​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ។ ចំណែកឯ​ប្រជា​ការពារ ដែល​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​នោះ ត្រូវ​បាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន រស្មី មក​ដឹកយក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​សម្បក​គ្រាប់ ចំនួន​១០​គ្រាប់​។ ចំណែក ជនប្រដាប់អាវុធ​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់​ខ្លួន​យក​ទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​បន្ត​នីតិវិធី នៃ​ច្បាប់​នៅពេល​ក្រោយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

×