ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បន្លំធ្វើជាអ្នកជួលផ្ទះ ឆ្លៀតឱកាសលួចលុយ ៣,៦០០ដុល្លារ និងខ្សែកមាស១តម្លឹង ត្រូវសមត្ថកិច្ចចាប់ខ្លួន !

ភ្នំពេញ៖ បុរសម្នាក់បានប្រើល្បិចបន្លំខ្លួនធ្វើជាអ្នកមកជួលផ្ទះស្នាក់នៅ ដោយពេលចរចាត្រូវរ៉ូវគ្នាជាមួយម្ចាស់ផ្ទះហើយ ក៏ឆ្លៀតឱកាសលួចយកកាបូបដែលមានប្រាក់ចំនួន ៣,៦០០ដុល្លារអាមេរិក និងខ្សែកមាសទម្ងន់១តម្លឹង រួចជិះម៉ូតូគេចខ្លួន។

ទោះជាយ៉ាងណា ជនសង្ស័យមិនអាចគេចផុតពីការស្រាវជ្រាវរបស់សមត្ថកិច្ចបានយូរឡើយ ដោយត្រូវបានឃាត់ខ្លួនវិញ ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។

ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្ទះលេខ E៨៨ ផ្លូវបេតុង ក្នុងបុរីចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា: ជនសង្ស័យ រូបនេះ មានឈ្មោះ ខន ហ៊ាង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមដំណើររឿង នៅថ្ងៃកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ទៅដល់ផ្ទះជនរងគ្រោះ រួចដើរឡើងតាមជណ្តើរចំហៀងផ្ទះ គោះទ្វារសួររកជួលផ្ទះជាន់ផ្ទាល់ដី ដែលម្ចាស់ផ្ទះបានដាក់ស្លាកប្រកាសជួល។

ក្រោយចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ២០០ដុល្លារក្នុងមួយខែ ជនសង្ស័យបានប្រាប់ម្ចាស់ផ្ទះថា នឹងរើឥវ៉ាន់មួយចំនួនចូលមកទុកនៅពេលល្ងាច ហើយថែមទាំងសុំខ្ចីអំបោស និងសាប៊ូ ដើម្បីបោសសម្អាតផ្ទះទៀតផង។

ប៉ុន្តែអ្វីដែលម្ចាស់ផ្ទះមិននឹកស្មានដល់ គឺជនសង្ស័យបានឆ្លៀតឱកាសប្រើល្បិចសុំឱ្យជួយបើកសោទ្វារក្រោយផ្ទះ ដើម្បីបោសសម្អាត។

ខណៈម្ចាស់ផ្ទះចុះទៅបើកទ្វារខាងក្រោយ ដោយទុកបន្ទប់ជាន់ទី១មិនបានចាក់សោ ជនសង្ស័យក៏បានឡើងទៅលួចកាបូបយួរដៃពណ៌ខ្មៅដែលទុកនៅលើពូក រួចគេចខ្លួនបាត់។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ខ្សែកមាសទម្ងន់១តម្លឹងមួយខ្សែ ប្រាក់ដុល្លារចំនួន៣,៦០០ដុល្លារ ប្រាក់រៀល៦០ម៉ឺនរៀល និងទូរសព្ទដៃម៉ាក OPPO ពណ៌សមួយគ្រឿង។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការជាមួយនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចការ៉ាស់សាំង TOTAL តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS-4174 ដែលជាមធ្យោបាយប្រើប្រាស់ក្នុងការធ្វើសកម្មភាព។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅផ្ទះជួលរបស់ជនសង្ស័យ និងរកឃើញខ្សែកលោហធាតុពណ៌លឿងទម្ងន់១តម្លឹងមួយខ្សែ និងប្រាក់ចំនួន៣,៦០០ដុល្លារអាមេរិក ដែលត្រូវបានដកហូតជាវត្ថុតាង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបរបស់ជនរងគ្រោះ និងយកខ្សែកមាស ព្រមទាំងប្រាក់ដុល្លារទៅលាក់ទុកនៅផ្ទះជួលរបស់ខ្លួនមែន។

ចំណែកទូរសព្ទដៃ និងប្រាក់រៀលចំនួន៦០ម៉ឺនរៀល ជនសង្ស័យអះអាងថា មិនបានឃើញនៅក្នុងកាបូបនោះឡើយ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាន ឃាត់ខ្លួន និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម