ភ្នំពេញ ៖ អង្គការ COMFREL បានផ្សាយកាលពីថ្ងៃទី១១ខែតុលាថា លោក គឹម សុខ និង កូនស្រី បានសិទ្ធិជ្រកកោននយោបាយ នៅប្រទេសហ្វាំងឡង់ ក្រោយពីចាកចេញពីប្រទេសថៃ។ លោក គឹម សុខ អ្នកវិភាគសង្គម បន្ទាប់ពីចេញពីពន្ធនាគារមួយរយៈខ្លី បាននិយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជាថ្មីម្តងទៀត ហើយលោកគឹម សុខ និងកូនស្រី បានរត់គេចនិរទ្ទេសខ្លួន ពីការតាមចាប់ ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅនេះ។
បើតាមផេកហ្វេសប៊ុក ឈ្មោះ Oun Vansak កាលពីថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា “បងគឹម សុខ នឹង កូនស្រី បានទៅជ្រកកានប្រទេសទី ៣ ប្រទេស Finland។ សូមជូនបង នឹង កូន ជួបតែសំណាងល្អ នឹង សុវត្ថិភាព នឹកប្អូនស្រី ឡូរ៉ា ណាស់ធ្លាប់ស្នាក់នៅមួយគ្នា”។
ចំណែកលោក Um Sam An អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សប្រឆាំង បានសរសេរលើផេករបស់ខ្លួនថា “នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ និងកូនស្រី បានចេញដំណើរទៅកាន់ប្រទេសទីបីហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសហ្វាំងឡង់ក្នុងសហភាពអឺរ៉ុប។ សូមអបអរសាទរ! តុលាការក្រុងភ្នំពេញបានចេញដីការចាប់ខ្លួនលោក គឹម សុខ នាពេលថ្មីៗនេះ បន្ទាប់ពីលោកបានចេញពីពន្ធនាគារ”។
លោក គឹម សុខ ជាមួយកូនស្រីរបស់លោក ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ ដោយសារតែចេញពីពន្ធនាគារហើយមិនមានលុយសងទៅដើមបណ្តឹង គឺសម្តេចតេជោ ហើយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ នឹងប្ដឹងលោកគឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារ។
លោក គឹម សុខ ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ក្រោយជាប់ពន្ធនាគារ ១៨ខែ គ្រប់តាមកាលកំណត់ ពីបទចោទសម្តេចតេជោថាជាអ្នក នៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី៕ ដោយ ៖ រចនា