ខេត្តឧត្តរមានជ័យ ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២តុលានេះ បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយរវាង បងថ្លៃនឹងប្អូនថ្លៃផឹកស៊ីជុំគ្នា ទាស់ពាក្យសំដីប្អូនថ្លៃយកកាំបិតខ្វែវ កាប់ទៅលើបងថ្លៃចំនួន២ខ្វែវ បណ្តាលឲ្យត្រូវចំក្បាលមួយខ្វែវនឹងដាច់កដៃមួយខ្វែវទៀត។
ហេតុការណ៍បងថ្លៃនឹងប្អូនថ្លៃផឹកស៊ីទាស់ពាក្យសំដីគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នៅចំណុចភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដោយប្អូនថ្លៃ មានឈ្មោះ ទិប ផាន់ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បានយកកាំបិតខ្វែងកាប់ទៅលើបងថ្លៃ ឈ្មោះ ដែន សុផល ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាទាហាន រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំនួន២កន្លែងបណ្តាលឲ្យត្រូវចំក្បាលផ្នែកខាងឆ្វេង និងដាច់កដៃខាងឆ្វេង មូលហេតុផឹកស៊ីទាស់ពាក្យសំដីគ្នា បានយកកាំបិតខ្វែវកាប់ទៅលើបងថ្លៃពីក្រោយ ហើយបានរត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង តាមស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ជនបង្កឲ្យទាល់តែបាន ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕ ដោយ ៖ កូឡាប