ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង។ យើងរួមគ្នាធ្វើឱ្យទីក្រុងរបស់យើងជាទីក្រុងស្អាត មានបរិស្ថានបៃតង ខណៈពលរដ្ឋយើងបច្ចុប្បន្នរស់នៅក្នុងបែបស៊ីវិល័យ។
ការអំពានាវរបស់ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងពិធីសម្ពោធផ្ទះគំរូ ឃីង វីឡា នឹងបើកការដ្ឋានសាងសង់សួន Mekong Park ទំហំ ៥ហិកតា របស់បុរី មេគង្គ លែន ស្ថិតក្នុងបុរីមេគង្គលែន ផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំក្នុងតួនាទីជាអគ្គមគ្គទេសក៍ដ៏ស្វាហាប់ ប៉ិនប្រសប់ និងគតិបណ្ឌិត នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបន្តពូនជ្រំថែទាំ “សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ” ដោយសម្រេចបាននូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនាទាំង ៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព” ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ វិស័យឯកជន គឺជាដៃគូរមិនអាចខ្វះបាន។ដូច្នេះហើយទើប រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្នកវិនិយោគ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគនិងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេងក៏បានសូមឱ្យទាំងអស់គ្នាជឿទុកចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ទាំងព្រំដែនទឹកនិងគោក។ យើងទន់ភ្លន់ តែមិនទន់ជ្រាយទេ កម្ពុជាយើងឈ្នះលើសសមរភូមិការទូត។
បន្ថែមពីនេះឯកឧត្ដម ឃួង ស្រេង ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបានគាំទ្រចំពោះគម្រោងសាសង់លំនៅដ្ឋានរបស់បុរី មេគង្គលែន ដោយក្រុមហ៊ុនមិនត្រឹមតែសាងសង់លំនៅដ្ឋានប៉ុណ្ណោះទេ តែនូវបានគិតគូរសាងសង់សួន Mekong Park ទំហំ ៥ហិកតាថែមទៀត ដើម្បីកាត់បន្ថយជាតិពុល និងជាកន្លែងហាត់ប្រាណដើម្បីសុខភាព ពលរដ្ឋផងដែរ។
ក្នុងឱកាសនោះដែរអ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គលែន និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេ អិន អិន ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីមូលដ្ឋានគ្រឹះនិងប្រវត្តសង្ខេបនៃការកសាងបុរី មេគង្គលែន និងថ្លែងនូវការអរគុណផងដែរ ចំពោះអថិតិជនដែលបានជឿទុកចិត្ត មកទិញលំនៅដ្ឋាន ក្នុងបុរី មេគង្គលែននេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


































