ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យវៀតណាម ជួយមានវិធានការតឹងរ៉ឹងពាក់ព័ន្ធទៅដល់ការគ្រប់គ្រងពាណិជ្ជកម្មផលអនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ព្រោះកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខ័ណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ មុនពេលកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីចាប់ផ្តើម លោករដ្ឋមន្ត្រី វេង សាខុន និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ង្វៀន សួនគឿង រដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំក្រសួងកសិកម្មកម្ពុជា និងវៀតណាមនេះ គឺបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗដូចជា៖ ១. អនុវិស័យកសិកម្ម៖ ការរៀបចំយន្តការនៃការជជែកទ្វេភាគី កម្រិតជំនាញ ដើម្បីរួមគ្នាដោះស្រាយពីបញ្ហាពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំងពីរ ជាពិសេសអនាម័យ និងភូតគាមអនាម័យ និងវិធានការទប់ស្កាត់ និងកំចាត់សមាសភាពចង្រៃលើដំណាំ។ ការគ្រប់គ្រងសុខភាពពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាម បានផ្តល់មកភាគីកម្ពុជា ពុំទាន់បានផ្តល់ឯកសារបច្ចេកទេស គ្រប់គ្រាន់ ពាក់ព័ន្ធទៅនឹងប្រវត្តិពូជយថាប្រភេទពូជ ប្រភេទសត្វល្អិត និងជំងឺ វិធាននៃការសម្អាតសត្វល្អិតនិងជំងឺពីវៀតណាម។ ២. អនុវិស័យសត្វ ។ ជំរុញកិច្ចសហប្រតិបត្តិការលើការងារសុខភាពសត្វ ចែករំលែកពត៌មានស្តីពីស្ថានភាពសុខភាពសត្វ ការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសត្វនិងជំងឺស៊ូណូស ត្រួតពិនិត្យសត្វនិងផលិតផលសត្វឆ្លងដែន និងជំរុញផលិតកម្មសត្វ។ ៣. អនុវិស័យព្រៃឈើ៖ ការគ្រប់គ្រងនិងទប់ស្កាត់ការធ្វើពាណិជ្ជកម្មឆ្លងដែនផល អនុផលព្រៃឈើខុសច្បាប់។ ពង្រឹងកិច្ចសហប្រតិបត្តិការលើការដាំព្រៃឈើឡើងវិញ។ ៤. អនុវិស័យជលផល ៖ ការទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនរៀតណាម ដែលកន្លងមកបានប្រមូលទិញ នូវកសិផលពីកសិករកម្ពុជា ដូចជាកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងអង្ករជាដើម។ លោករដ្ឋមន្ត្រី បានបន្តថា ថ្មីៗនេះកសិករកម្ពុជា មានភាពសប្បាយរីករាយ ចំពោះតម្លៃស្វាយចន្ទី និងដំឡូងមី ហើយលោករដ្ឋមន្ត្រី សង្ឃឹមថា ភាគីវៀតណាមនឹងបន្តរក្សា បាននូវតុល្យភាពតម្លៃ និងបរិមាណនៃការប្រមូលទិញកសិផលពីកម្ពុជា។ ដោយឡែកចំពោះ ពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាម ប្រគល់មកកម្ពុជា លោករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងកសិកម្ម រៀតណាម ជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងភូតគាមអនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កសិករ។ នាឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីវៀតណាម ជួយពិនិត្យលទ្ធភាព ក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជា។ ចំពោះការចលនាសត្វឆ្លងដែន លោករដ្ឋមន្ត្រី បានស្នើឲ្យភាគីវៀតណាម ជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យ រវាងប្រទេសទាំងពីរ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរ៉ឹងបន្ថែមទៀត ពាក់ព័ន្ធដល់ការគ្រប់គ្រង ពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែន ខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុង ស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប។
ជាការឆ្លើយតប លោក ង្វៀន សួនគឿង សន្យាថា នឹងសហការជាមួយ វិស័យឯកជនវៀតណាម ក្នុងការពិនិត្យមើលនូវលទ្ធភាព ក្នុងការប្រមូលទិញកៅស៊ូ ពីកម្ពុជា ក្នុងតម្លៃមួយសមស្រប។ ចំពោះបញ្ហាដំឡូងមី បច្ចុប្បន្នវៀតណាម ក៏កំពុងជួបប្រទះនូវបញ្ហាជំងឺឆ្លង ហើយក្រសួង និងអ្នកជំនាញ កំពុងមានវិធានការកម្ចាត់ចោល នូវប្រភេទជំងឺឆ្លង និងកែលម្អឡើងវិញ នូវការខូចខាត និងប្រើប្រាស់ពូជថ្មី ដែលមានភាពធន់នឹងជំងឺ ហើយលោក នឹងជំរុញដល់វិស័យឯកជនវៀតណាម បន្តរក្សានូវលំនឹងតម្លៃដំឡូងមី នៅកម្ពុជា។ ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាម កំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាម បានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញ ជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន។ ក្រៅពីកិច្ចការដទៃទៀត លោក ស្នើឲ្យភាគីទាំងពីរ រៀបចំក្រុមការងារកម្រិតជំនាញ ដើម្បីបន្តធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហានានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកនូវទំហំពាណិជ្ជកម្ម កសិកម្មរវាងប្រទេសទាំងពីរ៕ ដោយ ៖ បញ្ញាស័ក្តិ