ភ្នំពេញ ៖ លោករដ្ឋមន្ដ្រីព័ត៌មាន បានបញ្ជាក់ថា កម្ពុជាទើបតែបានរៀបចំច្បាប់បន្ថែមទៀត ដល់ក្រុមហ៊ុនបរទេស ដែលចូលមកកម្ពុជា ប្រសិនបើក្រុមហ៊ុនបរទេសទាំងអស់ យកប្រាក់ចំណេញ ដែលទទួលបានទៅបង្វិលសម្រាប់ពង្រីកអាជីវកម្ម ប្រាក់ចំណេញនោះ នឹងមិនត្រូវបានយកពន្ធឡើយ បើការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ប្រើប្រាស់កម្លាំងក្នុងស្រុក កម្ពុជា ក៏មិនយកពន្ធពី ២-៣ឆ្នាំ ។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងបើកសេរី ឲ្យបណ្ដាប្រទេសផ្សេងៗ ចូលមកវិនិយោគ ហើយអ្វីដែលកាន់តែងាយស្រួលទៀតនោះ កម្ពុជាមានច្បាប់ពាណិជ្ជកម្មដ៏ទូលាយ គឺគ្រប់ក្រុមហ៊ុនបរទេស អាចបើកអាជីវកម្មរបស់ខ្លួនបាន ដោយមិនចាំបាច់មានការចូលហ៊ុន ពីអ្នកវិនិយោគក្នុងស្រុក។
នៅក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងសន្និសីទអន្ដរជាតិស្ដីពី ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយតាមសហគមន៍ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់បណ្ដាក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នយោបាយទាំងនេះ ជាការរួមចំណែករបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនបរទេស ដែលមានបទពិសោធន៍ច្រើនឆ្នាំ មានទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ក្រុមហ៊ុនផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ