ខេត្តស្វាយរៀង ៖ អ្នករត់តាក់ស៊ីម្នាក់ត្រូវបានសង្ស័យថាមានគេព្រួតវាយរហូតដល់ស្លាប់បាត់បង់ជីវិត ហើយអូសសពយកទៅចោល ដោយសារជនរងគ្រោះបើកបររថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ខណៈអ្នកជិះម៉ូតូបានបើកម៉ូតូចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា អ្នករត់តាក់ស៊ីដែលត្រូវគេប្រួតវាយសម្លាប់នោះឈ្មោះ គុជ សំអៀត ភេទប្រុស អាយុ៣២ឆ្នាំ(អតីតជាគ្រូសូធ្យស្តាំវត្តពេជ្រមន្ត្រី២០០២ ដល់២០០៦)មុខរបររត់តាក់ស៊ី មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាបខេត្តស្វាយរៀង ។
ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី០៨ តុលា ២០១៨ វេលាម៉ោងប្រហែល១០ និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រវាងរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C- 3952 បើកបរដោយជនរងគ្រោះឈ្មោះ គុជ សំអៀត ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ចេញពីកន្លែងផឹកស៊ី បើកឆ្លងផ្លូវពីត្បូងមកជើងបត់ឆ្វេងក៏បុកពេញទំហឹងចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យរងរបួសបាក់ជើងបែកក្បាលធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែងតែម្តង ។ខណៈនោះជនរងគ្រោះដែលជាអ្នករត់តាក់ស៊ីមិនបានបើករត់គេចទេ ដោយមានចិត្តធម៌ធ្លាប់បួសជាសង្ឃចង់នៅទទួលខុសត្រូវពេលនោះបានឈប់រថយន្ត ហើយចុះទៅគោលបំណងជួយលើកជនរងគ្រោះ ។ ស្របពេលនោះស្រាប់តែមិត្តភក្កិពួកភឿន និងសាច់ញាតិជនរងគ្រោះ (ដែលត្រូវរថយន្តបុក) នៅកន្លែងផឹកស៊ីបានចេញមក ហើយបានដេញព្រួតគ្នាវាយអ្នកបើករថយន្តតាក់ស៊ី បណ្តាលឲ្យស្លាប់បាត់បង់ជីវិត រួចអុសសពជនរងគ្រោះទៅចោលក្នុងព្រៃដើមប្រេងខ្យល់ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិគម្ពោធជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ក្រោយមកសមត្ថកិច្ចនគបាលសង្កាត់ព្រៃអង្គុញបានមកដល់ឃើញ តែរថយន្ត និងម៉ូតូនៅកណ្លាលថ្នល់ ។ រីឯជនរងគ្រោះឈ្មោះ សោម ម៉ាញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួសជុលទូរទស្សន៍មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវសាច់ញាតិហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដោយជនរងគ្រោះរបួសបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរត្រូវគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីសង្គ្រោះ ។ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រៃអង្គុញ ដើម្បីដោះស្រាយតាមច្បាប់ ។
ប្រភពដដែលបន្តទៀតថា មុនដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តរត់គេចខ្លួន សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តអ្នកបង្កឲ្យមកទទួលខុសត្រូវ ។ ប៉ុន្តែនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៩ តុលា ២០១៨ ប្រជាពលរដ្ឋបានរាយការណ៍ថា មានមនុស្សដេកស្លាប់នៅក្នុងព្រៃដើមប្រេងខ្យល់ នៅភូមិគម្ពោធជ្រូក សង្ស័យជាអំពើឃាតកម្មសមត្ថកិច្ចក៏បានរាយការណ៍មកលោកស្នងការនគបាលខេត្តចាត់មន្ត្រីការិយាល័យបច្ចេកទេស ស្នងការដ្ឋាននគបាលខេត្តសហការជាមួយមន្ត្រីសុខាភិបាលចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យធ្វើការសន្និដ្ឋានថា ពិតជាអំពើឃាតកម្មនៅកន្លែងផ្សេង ហើយយកមកផ្លុងចោលនៅទីនោះ គឺជនរងគ្រោះត្រូវក្រុមជនដៃដល់ចាប់ជ្រមុជក្នុងទឹកភក់ល្បាប់ បណ្តាលឲ្យស្លាប់ ។បន្ទាប់ពីស្រាវជ្រាវរកអត្តសញ្ញាណទើបដឹងថា សពជនរងគ្រោះជាអ្នកបើកតាក់ស៊ីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅភូមិគម្ពោធលៀបទើបធ្វើការស្រាវជ្រាវបន្ត ដើម្បីរកក្រុមឃាតកយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
បើតាមប្រភពព័ត៍មានពីខាង ចំណតតាក់ស៊ីក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ( គុជ សំអៀត )បានរត់តាក់ស៊ីដឹកអ្នកដំណើរជាជនជាតិចិនពីភ្នំពេញទៅកាស៊ីណូនៅក្រុងបាវិត លុះមកដល់ម្តុំសង្កាត់ព្រៃអង្គុញ ក្នុងម៉ោងប្រមាណ១០យប់ជាងក៏ជួប និងគ្រោះថ្នាក់ចរាចរណ៍ គឺឡានរបស់គាត់បានបើកប៉ះម៉ូតូដែលចេញពីកន្លែងផឹកស៊ីមួយកន្លែង បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងបែកក្បាលរងរបួសធ្ងន់ ហើយប្រហែលជាគាត់ចុះពីឡានមក ដើម្បីដោះស្រាយ ហើយក៏ត្រូវគ្នីគ្នារបស់អ្នកជនរងគ្រោះនោះវាយធ្វើបាបរហូតបាត់ខ្លួនទាល់តែដល់រសៀលថ្ងៃទី០៩ តុលា ២០១៨ ទើបបានរកឃើញដេកស្លាប់នៅចម្ការប្រេងខ្យល់ ចម្ងាយពីកន្លែងគ្រោះថ្នាក់ប្រមាណជា១គីឡូម៉ែត្រ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯក្រុមគ្រួសារសពបានអំពាវនាវសុំឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគបាលខេត្តបានបើកការស៊ើបអង្កេតរហូតកំណត់មុខសញ្ញាជនសង្ស័យបាន០៣នាក់ នៅថ្ងៃទី១១ តុលា ២០១៨ មកសាកសួរនៅស្នងការនគបាលខេត្ត ។ ដោយឡែកប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងផងដែរថា នៅកន្លែងផឹកស៊ីមុនកើតហេតុមានអ្នកផឹកស៊ីពី៧ទៅ៨នាក់ ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ក្រុមអ្នកផឹកនោះបាននាំគ្នាដេញតាមវាយជនរងគ្រោះរត់ចូលទៅក្នុងភូមិក៏បាត់ដំណឹងទៅ ។
ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើការសាកសួរបន្តតាមនីតិវិធីមិនទាន់ដឹងថា ចោទប្រកាន់ពីបទអ្វីនៅឡើយទេ ។ ដោយ ៖ វ៉ៃកូ