កំពត ៖ ឃាត់ខ្លួនបានហើយមន្ត្រីនគរបាលនៃអធិការក្រុងកំពតដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃ នៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់អោយដឹងថា មន្ត្រីដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃនោះបានឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពតហើយ កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង។
លោកបានបន្តថា ” បន្ទាប់ពីបានទទួលព័ត៌មានតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមន្ត្រីនគរបាលក្រុងកំពត ឈ្មោះ ម៉េង ដា ភេទប្រុស អត្តលេខ ៦០០៤៣ ដែលបានប្រព្រឹត្តសកម្មភាពយកអាវុធភ្ជង់ប្រជាពលរដ្ឋកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលទឹកឈូ ។ បច្ចុប្បន្នមន្ត្រីនេះ ស្នងការដ្ឋានឹងចាត់ការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ហើយជាមួយគ្នានេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះទង្វើអសីលធម៌របស់មន្ត្រីខិលខូចដែលបង្កសកម្មភាពឲ្យបងប្អូនមានការភិតភ័យ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបង្ហោះ និងផ្សព្វផ្សាយព័ត៌មានទាន់ពេលធ្វើឲ្យស្នងការដ្ឋានមានមូលដ្ឋានដើម្បីស្រាវជ្រាវ និងចាត់ការបង្ក្រាប ។ ជាចុងបញ្ចប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានបញ្ហាអ្វីកើតឡើងជាយថាហេតុ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៧៧៨ ០០១០ សូមអរគុណ” ៕ ដោយ ៖ កូឡាប