វីដេអូថ្មីមួយ ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គមចិន បានបង្ហាញឲ្យឃើញក្មេងស្រីអាយុ ៩ ឆ្នាំ ម្នាក់ បណ្តើរកូនខ្លា១ក្បាល និងប្រឡែងលេងជាមួយប្រៀបដូចកូនឆ្កែ នៅលើដងផ្លូវសាធារណៈ បានធ្វើឲ្យមានការព្រួយយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកលេងអ៊ីនធើរណែតមួយចំនួន ។
Sun Xiaojing ដែលជាក្មេងស្រីម្នាក់នៅក្នុងវីដេអូ គឺជាកូនស្រីរបស់អ្នកមើលថែសត្វម្នាក់ នៅឯសួនសត្វ Donghu ស្ថិតក្នុងទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ។
នាងតូចម្នាក់នេះ ត្រូវបានដឹងថា បានកំពុងយកចិត្តទុក និងប្រឡែងលេងជាមួយកូនខ្លា១ក្បាល ចាប់តាំងពីវាកើតមកបាន ៣ ខែ មកម្លេះ, នេះបើយោងតាម South China Morning Post ។
ឪពុករបស់នាងមានឈ្មោះថា Sun បានប្រាប់ Quanzhou Evening Post ឲ្យដឹងថា៖ «កូនស្រីរបស់គាត់បានកំពុងចិញ្ចឹមកូនខ្លានោះ តាមរយៈការឲ្យវាផឹកទឹកដោះគោ, ងូតទឹក និងប្រឡែងលេងជាមួយវារៀងរាល់ថ្ងៃ» ។
Xiaojing បាននាំយកកូនខ្លាញីអាយុ ៣ ខែ នេះដែលមានឈ្មោះថា Huniu ចេញដើរលេង និងប្រឡែងលេងជាមួយវា នៅជិតខ្លោងទ្វារសួនសត្វ រៀបរាល់ពេលព្រឹក បន្ទាប់ពីផ្តល់ចំណីឲ្យវារួចហើយ ។
បើទោះបីជាឪពុករបស់ Xiaojing និយាយថា កូនខ្លានេះពុំបង្កគ្រោះថ្នាក់ណាមួយដល់កូនស្រីរបស់គាត់ក៏ដោយ ក៏អ្នកលេងអ៊ីនធើរណែតជាច្រើន បានសម្តែងការព្រួយបារម្ភជាខ្លាំង អំពីសុវត្តិភាពរបស់ក្មេងស្រីនេះ ។
Shanghaiist បានរាយការណ៍ថា លោក Sun បានពន្យល់ថា ពួកគេកំពុងចិញ្ចឹមកូនខ្លានេះ បន្ទាប់ពីបងប្អូនរបស់វាបានងាប់ភ្លាមៗ បន្ទាប់ពីកើតមក ។
Huniu ត្រូវបានកាត់ផ្តាច់ពីឪពុកម្តាយខ្លាស៊ីប៊េរីអាយុ ៩ ឆ្នាំ របស់វា បន្ទាប់ពីបងប្អូនរបស់វា២ក្បាល បានទទួលរងរបួសដោយសារតែឪពុកម្តាយរបស់វា ៕
ដោយ៖ ឧត្តម
ប្រភព៖ Nextshark