ខ្លាធំ១ក្បាលសំឡឹងឃើញឆ្កែឆ្កួតមួយ វាក៏ប្រញាប់ប្រញាល់ដើរចៀសយ៉ាងឆ្ងាយ ។ ឃើញដូច្នេះ កូនខ្លាពោលទៅកាន់មេវាថា ៖ ហេតុអ្វីម៉ែហ៊ានប្រយុទ្ធតតាំងជាមួយតោ ហ៊ានវាយប្រហារចចក បែរជាគេចខ្លយនពីឆ្កែឆ្កួតបែបនេះ ? ពិតជាគួរឲ្យបាក់មុខណាស់! ។
មេខ្លាសួរមកវិញថា ៖ “បើតាមកូននោះ ការប្រយុទ្ធឈ្នះឆ្កែឆ្កួត ១ក្បាល តើវាមអ្វីល្បីល្បាញដែរឬទេ?” ។ កូនខ្លាគ្រវីក្បាល ។ មេខ្លាបន្តសួរ ចុះបើចៃដន្យ កូនត្រូវវាខាំ១ចង្កូម តើស៊យដែរឬទេ ? ។ កូនខ្លាងក់ៗក្បាល ។
ដូច្នេះតាមរយៈរឿងនិទាននេះ គឺ៖ អ្នកខ្លាំងពុំចាំបាច់ត្រូវស្តែងបង្ហាញឲ្យគេដឹងក្នុងគ្រប់ករណីទេ ។ អ្នកឆ្លាតវៃ មិនវែកញែក ជជែកហេតុផលជាមួយអ្នកពុំមានគុណធម៌សមរម្យឡើយ ។
ប្រសិនបើគេពុំសក្តិសមជាដៃគូរបស់អ្នក គប្បីសើចញញឹម ហើយចាកឆ្ងាយពីគេ កុំឲ្យគេវាយប្រហារយើងអាចបង្កជាស្នាមរបួស ពុំគួរឲ្យមាននោះឡើយ ៕ ចន្ទ្រា